បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានដាក់ចំណាត់ថ្នាក់ថ្មីរបស់ប្រទេសរុស្ស៊ីជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោក ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញឬ PPP។
PPP គឺជាការប្រៀបធៀបផលិតភាពសេដ្ឋកិច្ច និងស្តង់ដារនៃការរស់នៅរវាងប្រទេសដោយការកែតម្រូវភាពខុសគ្នានៃតម្លៃទំនិញ និងសេវាកម្ម។
នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ IMF បាននិយាយថាផលិតផលក្នុងស្រុកសរុប GDP របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ មានចំនួនទៅដល់ ៣,៥៥ភាគរយ នៃចំណែកផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅក្នុងលក្ខខណ្ឌនៃ PPP ដែលប្រសើរជាងប្រទេសជប៉ុនដែលមានត្រឹមតែ ៣,៣៨ភាគរយ។
យោងតាមរបាយការណ៍ ប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុងលក្ខខណ្ឌនៃ PPP បន្ទាប់ពីប្រទេសចិន ១៨,៨ភាគរយ សហរដ្ឋអាមេរិក ១៥ភាគរយនិងឥណ្ឌា ៧,៩ភាគរយ។
គួរឲ្យដឹងដែរថាតួលេខចុងក្រោយបង្អស់បង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកដោយ PPP ឥឡូវនេះរួមមានប្រទេស BRICS ចំនួនបីគឺចិន ឥណ្ឌា និងរុស្ស៊ី ហើយអ្នកជំនាញជាច្រើនបានចង្អុលបង្ហាញថាការធ្វើឱ្យប្រសើរឡើង នៃសេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានជំរុញដោយទណ្ឌកម្មរបស់លោកខាងលិច៕
ប្រែសម្រួល៖ ស៊ុនលី