បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានបដិសេធចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានទៅរុស្ស៊ីនោះទេ ប៉ុន្តែលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាអាស្រ័យលើទីក្រុងមូស្គូអំពីរបៀបដំណើរការឃ្លាការពារទៅវិញទៅមករបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ហើយបានចោទប្រកាន់លោកខាងលិចវិញថា បានបង្កើនសង្គ្រាមអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានឃើញភស្តុតាងដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣.០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយ ដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយដែលលោកខាងលិចកំពុងបង្ហាញជាការកើនឡើងដ៏សំខាន់នៃសង្គ្រាមអ៊ុយក្រែន។
នៅពេលសួរដោយអ្នកសារព័ត៌មានអំពីរូបភាពផ្កាយរណបដែលបង្ហាញពីចលនារបស់ទាហានកូរ៉េខាងជើង លោកពូទីនបាននិយាយថា “រូបភាពគឺជារឿងមែនទែន ប្រសិនបើមានរូបភាព នោះឆ្លុះបញ្ចាំងពីអ្វីមួយ”។ ប៉ុន្តែលោកបាននិយាយថា មន្ត្រីនិងគ្រូបង្ហាត់របស់អង្គការអូតង់បានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន ហើយវាជាប្រទេសលោកខាងលិចដែលបានបង្កើនវិបត្តិអ៊ុយក្រែន។
លោកពូទីនបាននិយាយទៀតថា “យើងដឹងថាអ្នកណាដែលមានវត្តមាននៅទីនោះ មកពីប្រទេសណាតូអឺរ៉ុប និងរបៀបដែលពួកគេអនុវត្តការងារនេះ” ។
ប្រមុខវិមានក្រឹមឡាំងបានលើកឡើងជាពិសេសលើមាត្រា ៤ នៃកិច្ចព្រមព្រៀងភាពជាដៃគូរុស្ស៊ីជាមួយកូរ៉េខាងជើង ដែលទាក់ទងនឹងការការពារទៅវិញទៅមក។
លោកពូទីនបាននិយាយថា “មានមាត្រា ៤ , យើងមិនដែលសង្ស័យយ៉ាងហោចណាស់ថា មេដឹកនាំកូរ៉េខាងជើងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងរបស់យើងទេ។ ប៉ុន្តែអ្វីដែលយើងធ្វើនៅក្នុងក្របខ័ណ្ឌនៃអត្ថបទនេះគឺជារឿងរបស់យើង” ។
អ្នកតំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបាននិយាយថា ការអះអាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអំពីការបញ្ជូនទាហានទៅប្រទេសរុស្ស៊ីគឺជា “ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន” ៕
ប្រែសម្រួលៈ ណៃ តុលា