តូក្យូ៖ ប្រភពយោធាអ៊ុយក្រែនបានប្រាប់កាសែតក្យូដូឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ២០០០ កំពុងផ្លាស់ទីទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺន។
កាលពីថ្ងៃពុធ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ៣០០០ នាក់ពីកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីកាលពីដើមខែនេះ សម្រាប់ការហ្វឹកហាត់នៅមូលដ្ឋានយោធានៅភាគខាងកើតនៃប្រទេស។
មន្ត្រីយោធាកូរ៉េខាងជើង បានចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីដើមខែនេះ ក្នុងនាមជាក្រុមឈានមុខមួយ ដើម្បីត្រៀមសម្រាប់ការមកដល់នៃទាហាននៅក្នុងតំបន់ ដែលអ៊ុយក្រែន កំពុងធ្វើការវាយប្រហារឆ្លងព្រំដែន។
ប្រភពដដែលបានបន្តទៀតថា មានមន្ត្រីប្រមាណ ១០នាក់។ នៅទីក្រុង Kursk ក្រុមនេះត្រូវបានគេជឿថា កំពុងធានាមូលដ្ឋានដើម្បីទទួលយកទាហានកូរ៉េខាងជើង បង្កើតបណ្តាញទំនាក់ទំនង និងត្រួតពិនិត្យសុវត្ថិភាពនៃតំបន់ជុំវិញនោះ។
គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែន បានកំណត់អត្តសញ្ញាណចលនារបស់ទាហានកូរ៉េខាងជើង តាមរយៈទិន្នន័យផ្កាយរណប ការស្ទាក់ចាប់ទំនាក់ទំនង និងការស៊ើបការណ៍សម្ងាត់ពីក្នុងជួរយោធារុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា