ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣៥ លានដុល្លារដល់ប៉ាឡេស្ទីន

afp

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសថា គម្រោងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១៣៥លានដុល្លារអាមេរិក ដល់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ា។

លោក Blinken បានធ្វើសេចក្តីប្រកាសនៅក្នុងប្រទេសកាតា ក្នុងអំឡុងដំណើរទស្សនកិច្ចលើកទី១១ របស់លោកទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ លើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់។

សហរដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​អ៊ីស្រាអែល​រំសាយ​ជម្លោះ​បន្ទាប់​ពី​ការ​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់លោក Yahya Sinwar កាល​ពី​ពេល​ថ្មីៗ​នេះ។  វាបានជំរុញឱ្យប្រទេសនេះបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដោយសារបញ្ហាប្រឈមនៃជំនួយទៅដល់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ភាគខាងជើងហ្គាហ្សា។

កាលពីថ្ងៃពុធ លោក Blinken បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv ថា អ្វីដែលយោធាអ៊ីស្រាអែល សម្រេចបាននៅតំបន់ហ្គាហ្សា “បានមកដោយតម្លៃ ដែលជាការចំណាយដ៏អស្ចារ្យ – របស់ជនស៊ីវិលប៉ាឡេស្ទីន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top