ព័ត៌មានអន្តរជាតិ

ចិន និងជប៉ុន បន្តកិច្ចព្រមព្រៀង​ ផ្លាស់ប្តូររូបិយប័ណ្ណ រយៈពេល ៣ឆ្នាំទៀត

ប៉េកាំង៖ ធនាគារប្រជាជននៃប្រទេសចិន (PBOC) និងធនាគារកណ្តាលជប៉ុន បានព្រមព្រៀងបន្តកិច្ចព្រមព្រៀង ប្តូររូបិយប័ណ្ណទ្វេភាគីរបស់ខ្លួន ដែលមានទឹកប្រាក់រហូតដល់ ២០០ ពាន់លានយន់ (ប្រហែល ២៨,១៣ពាន់លានដុល្លារអាមេរិក) ឬស្មើនឹង ៣,៤ពាន់ពាន់លានយ៉េនជប៉ុន។ 

ធនាគារកណ្តាល របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពសម្រាប់រយៈពេល ៣ឆ្នាំ ហើយអាចបន្តដោយ ការយល់ព្រមទៅវិញទៅមក។

យោងតាម ​​PBOC បានឱ្យដឹងថា កិច្ចព្រមព្រៀង ប្តូររូបិយប័ណ្ណនឹងជួយធ្វើឱ្យទីផ្សារហិរញ្ញវត្ថុនៃប្រទេសទាំងពីរមានស្ថិរភាព និងគាំទ្រដល់ការអភិវឌ្ឍន៍ នៃសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុទ្វេភាគី។

នៅក្នុងខែតុលា ឆ្នាំ២០១៨ PBOC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្តូររូបិយប័ណ្ណទ្វេភាគីជាមួយសមភាគីរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចប្តូរប្រាក់សរុបចំនួន ២០០ពាន់លានយន់សម្រាប់ ៣,៤ ពាន់ពាន់លានយ៉េន កិច្ចព្រមព្រៀងនេះត្រូវបានបន្តនៅខែតុលា ឆ្នាំ២០២១ សម្រាប់រយៈពេល ៣ ឆ្នាំ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top