បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានច្រានចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរបស់លោកដោយលោក Antonio Guterres បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។
មេដឹកនាំមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Kazan ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី១៦ ហើយ អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺ មានសារៈសំខាន់ណាស់សម្រាប់ការងាររបស់អង្គការសហប្រជាជាតិ ដោយប្រទេស BRICS តំណាងឱ្យជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។
អ្នកនាំពាក្យរូបនេះបាននិយាយថា វាគឺជា ការអនុវត្តស្តង់ដារ សម្រាប់អគ្គលេខាធិការដើម្បីចូលរួម កិច្ចប្រជុំនៃអង្គការដែលមានចំនួនរដ្ឋសមាជិកសំខាន់ៗ ដូចជា G7 និង G20 ជាដើម។
ប្រភពជាន់ខ្ពស់មួយនៅក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ប្រភពដដែលថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិកាអង្គការសហប្រជាជាតិនៅរុស្ស៊ីបានបង្កឲ្យមានកំហឹងនៅក្នុងទីក្រុងគៀវយ៉ាងខ្លាំង។
ប្រភពដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានថាបន្ទាប់ពីកិច្ចប្រជុំនៅ Kazan លោកGuterresក៏បានបង្ហាញ ចង់ធ្វើដំណើរមកអ៊ុយក្រែន ប៉ុន្តែលោកZelenskyមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គាត់ទេ។
គួរឲ្យដឹងដែរថាលោក Guterres ដែលបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំនោះ បានជួបប្រជុំទ្វេភាគីជាច្រើនជាមួយមេដឹកនាំដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
នៅល្ងាចថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាបិទទ្វារ ទៅលើប្រធានបទ ដោះស្រាយវិបត្តិនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាសំណួរទាក់ទងនឹងការអភិវឌ្ឍន៍ពិភពលោក និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី