ម៉ានីល៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលមកក្នុងប្រទេសហ្វីលីពីននៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៨១នាក់ហើយ ខណៈមនុស្សប្រហែល ២០នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងមានកើតឡើងគ្រោះបាក់ដីផងដែរ ។
ប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់រួមមាន ចំនួន ៤៧នាក់នៅក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល និងចំនួន ២៨នាក់នៅតំបន់ Bicol ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ។
ការស្លាប់ដែលទាក់ទងនឹងព្យុះ Trami នេះដែរ គឺមនុស្សចំនួន ០៤នាក់ ក៏ត្រូវបានកត់ត្រាផងដែរ នៅក្នុងតំបន់ផ្សេងៗគ្នា នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានរាយការណ៍កាលពីរសៀលថ្ងៃសុក្រថា បុគ្គលិករបស់ខ្លួនបានទៅនាំយកកុមារអាយុ ៩ឆ្នាំ និងទារកអាយុមួយខែ ។
គួរបញ្ជាក់ថា ព្យុះត្រូពិច Trami ជាព្យុះទី១១ ដែលបានវាយមកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ បានបោកបក់ឆ្លងកាត់កោះ Luzon ដោយបន្សល់ទុកដាននៃការបំផ្លិចបំផ្លាញជាមួយនឹងគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះបាក់ដីនៅក្នុងតំបន់ Bicol និង Calabarzon ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា