តូក្យូ៖ សេតវិមានបានឲ្យដឹងថា មន្ត្រីសន្តិសុខជាតិកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការដាក់ពង្រាយកងទ័ពនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចចូលរួមក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។
ប្រភពបានឲ្យដឹងថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមនៅទីក្រុងវ៉ាស៊ីនតោនជាមួយសមភាគីជប៉ុន Takeo Akiba និងកូរ៉េខាងត្បូង Shin Won Sik រៀងៗខ្លួនថា សកម្មភាពបែបនេះអាច “ពង្រីកឥទ្ធិពលសន្តិសុខ” នៃសង្រ្គាមលើសពីតំបន់អឺរ៉ុប និងចូលទៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅមុនថ្ងៃនៃកិច្ចពិភាក្សារបស់ពួកគេ មន្ត្រីម្នាក់បាននិយាយថា គោលបំណងសំខាន់មួយនៃកិច្ចប្រជុំគឺរក្សាកិច្ចសហប្រតិបត្តិការត្រីភាគី ដែលបានធ្វើឱ្យស៊ីជម្រៅក្រោមការគ្រប់គ្រងរបស់ Biden ដោយមិនគិតថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកានោះទេ។
ខណៈពេលដែលការបញ្ជាក់ពីការតាំងចិត្តរបស់ពួកគេក្នុងការ “បង្កើតកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងយុគសម័យថ្មីនៃភាពជាដៃគូត្រីភាគី” សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខបានពិភាក្សាអំពីជំហានបន្ទាប់នៅក្នុងកិច្ចសហប្រតិបត្តិការបីផ្លូវ រួមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់រ៉ែសំខាន់ៗ។
ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសទាំងបីគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅចុងឆ្នាំនេះ មុនពេលលោក បៃដិន ចាកចេញពីតំណែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា ទីប្រឹក្សាក៏បានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងខ្លាំងរបស់ប្រទេសរបស់ពួកគេចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងនៅក្នុងដែនទឹកឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកឡើងថា ប្រទេសចិនស្ថិតក្នុងចំណោមប្រធានបទដែលកំពុងពិភាក្សា៕
ប្រែសម្រួល ឈូក បូរ៉ា