ព័ត៌មានអន្តរជាតិ

ក្រុមគ្រួសារជនរងគ្រោះពីការសម្លាប់រង្គាលនៅក្នុងប្រទេសថៃឡង់ដ៏ នាំគ្នាតវ៉ាទាមទាររកយុត្តិធម៌ ខណៈកាលបរិច្ឆេទនៃការចោទប្រកាន់ផុតសុពលភាព

Afp

ណារ៉ាធីវ៉ាត់៖ អ្នករស់រានមានជីវិតពីការសម្លាប់រង្គាលដ៏ល្បីល្បាញរបស់ប្រទេសថៃឡង់ដ៏ បានចូលរួមជាមួយក្រុមគ្រួសារជនរងគ្រោះចំនួន៧៨នាក់ ដែលបានថប់ដង្ហើមស្លាប់នៅក្នុងរថយន្តរបស់កងទ័ព ដើម្បីបញ្ចេញកំហឹងដែលអ្នកទទួលខុសត្រូវនឹងមិនត្រូវបានគេនាំមកកាត់ទោសនៅថ្ងៃសុក្រនេះទេ ។

រយៈពេល ២០ឆ្នាំក្រោយមានសោកនាដកម្មថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ ដែលគេដឹងថា ជា “ការសម្លាប់រង្គាលនៅ Tak Bai” សាច់ញាត្តិ និងអ្នកគាំទ្របានមកប្រមូលផ្តុំគ្នាដើម្បីបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទៅ ។

ថ្ងៃខួបនៃឧប្បត្តិហេតុនេះ គឺចំថ្ងៃសុក្រក៏ជាថ្ងៃដែលលក្ខន្តិកៈនៃការកំណត់រយៈពេល ២០ឆ្នាំផុតកំណត់ ហើយការចោទប្រកាន់ពីបទមនុស្សឃាតលើជនសង្ស័យចំនួន ០៧នាក់នឹងត្រូវទុកជាមោឃៈ ។

លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដែលឪពុករបស់លោកស្រី Thaksin ជានាយករដ្ឋមន្ត្រីនៅសម័យកើតហេតុនោះ កាលពីថ្ងៃព្រហស្បតិ៍ បានសុំទោសផងដែរក្នុងនាមរដ្ឋាភិបាល ។

ប៉ុន្តែលោកស្រីបានថ្លែងថា វាមិនអាចពន្យារលក្ខន្តិកៈនៃការកំណត់ឬអូសបន្លាយករណីនេះបានទេ បើទោះជាមានការអំពាវនាវពីអ្នកធ្វើយុទ្ធនាការក៏ដោយ ។

ឧបទ្ទវហេតុនេះបានកើតឡើងជាយូរមកហើយ ដែលជានិមិត្តរូបនៃនិទណ្ឌភាពរបស់រដ្ឋនៅក្នុងខេត្តភាគខាងត្បូង ដែលភាគច្រើនជាម៉ូស្លីមរបស់ព្រះរាជាណាចក្រយើងនេះ ជាកន្លែងដែលជម្លោះបានអូសបន្លាយអស់ជាច្រើនឆ្នាំ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបះបោរបំបែកខ្លួនតែប៉ុណ្ណោះ ។

លោក Khalijah Musa ដែលប្អូនប្រុសរបស់លោក Sari ត្រូវបានសម្លាប់នៅ Tak Bai បានប្រាប់ដល់ទីភ្នាក់ងារ AFP ក្នុងបទសម្ភាសន៍មួយថា “មិនមានយុត្តិធម៌ពិតប្រាកដនៅក្នុងប្រទេសរបស់យើងទេ” ដោយបាននិយាយថា អ្នកទទួលខុសត្រូវសមនឹងទទួលទោសប្រហារជីវិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top