ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៥៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៥៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។

នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះដ្រូនរបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅថ្ងៃសុក្រការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ភាគខាងជើងនៃជំរំ Al-Shati នេះបើតាមប្រភពក្នុងស្រុក និងសាក្សី។

ប្រភពបានរាយការណ៍ថា ក្រុមគ្រូពេទ្យ និងសេវាការពារជនស៊ីវិល បានស្រង់សាកសពមនុស្ស ១១នាក់ និងបានរកឃើញអ្នករបួសជាច្រើន ដែលក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Ahli Arab ក្នុងទីក្រុងហ្គាហ្សា ។

លើសពីនេះទៀត ប៉ាឡេស្ទីនពីរនាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅកំពង់ផែភាគខាងលិចនៃទីក្រុងហ្គាហ្សា ហើយជនជាតិប៉ាឡេស្ទីនពីរនាក់ទៀតរួមទាំងក្មេងស្រីម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើកទីបីរបស់អ៊ីស្រាអែល ដែលសំដៅលើពួកគេនៅផ្លូវ Senaa ភាគខាងលិចនៃទីក្រុង។ 

ជាមួយគ្នានេះដែរ នៅតំបន់ហ្គាហ្សាភាគខាងត្បូង យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ភាគច្រើនជាកុមារ និងស្ត្រី នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះសម្បែង នៅភាគអាគ្នេយ៍នៃទីក្រុងខានយូនីស ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ ដល់ព្រឹកថ្ងៃសុក្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top