ព័ត៌មានអន្តរជាតិ

ចិន និងអឺរ៉ុប បញ្ជាក់ជាថ្មីអំពីឆន្ទៈក្នុងការដោះស្រាយជម្លោះរថយន្ដអគ្គិសនី EV តាមរយៈកិច្ចសន្ទនា

Xinhua

ប៉េកាំង៖ ប្រទេសចិន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីអំពីឆន្ទៈក្នុងការដោះស្រាយជម្លោះជុំវិញការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន តាមរយៈកិច្ចសន្ទនា។

ភាគីទាំងពីរបានសម្រេចចិត្តបន្តធ្វើការប្តេជ្ញាចិត្តលើតម្លៃជាដំណោះស្រាយចំពោះករណីនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បន្ទាប់ពីកិច្ចពិភាក្សា ដែលបានធ្វើឡើងតាមរយៈខ្សែវីដេអូកាលពីថ្ងៃសុក្ររវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងអនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបលោក Valdis Dombrovskis ។

លោក បានលើកឡើងថា មានការអំពាវនាវខ្លាំង និងការរំពឹងទុកខ្ពស់ពីវិស័យផ្សេងៗនៅក្នុងប្រទេសចិន និងអឺរ៉ុបសម្រាប់ការដោះស្រាយករណីនេះឱ្យបានត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា ការចរចាយ៉ាងស៊ីជម្រៅត្រូវបានធ្វើឡើងរវាងភាគីទាំងពីរទាក់ទងនឹងការប្តេជ្ញាចិត្តតម្លៃ ជាមួយនឹងការរីកចម្រើនជាវិជ្ជមានមួយចំនួនបានធ្វើឡើងក្នុងទិដ្ឋភាពមួយចំនួន ប៉ុន្តែភាពខុសគ្នាសំខាន់ៗនៅតែមានចំពោះបញ្ហា នៃការព្រួយបារម្ភស្នូលចំពោះសហគមន៍ធុរកិច្ចនៅក្នុងប្រទេសចិន និងអឺរ៉ុប។

លោក បានកត់សម្គាល់ថា ប្រទេសចិននឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសរបស់ខ្លួនដោយឥតងាករេ។  លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញការចរចាដោយផ្អែកលើដំណាក់កាលនៃការពិគ្រោះយោបល់ពីមុន ហើយសម្រេចបាននូវរបកគំហើញសំខាន់ៗឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top