បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាស និងរ៉ាដាមួយចំនួនទៅឱ្យកោះតៃវ៉ាន់។
យោងតាមមន្ទីរបញ្ចកោណ ការទិញសព្វាវុធរបស់អាមេរិកដោយទីក្រុងតៃប៉ិ តម្រូវឱ្យជនជាតិអាមេរិករាប់សិបនាក់ធ្វើដំណើរទៅទីនោះផងដែរដើម្បីសម្រេចកិច្ចការងារនេះ។
រដ្ឋាភិបាលទីក្រុងប៉េកាំងដែលមើលឃើញកោះគ្រប់គ្រងដោយខ្លួនឯងជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនចាត់ទុកទំនាក់ទំនងទាំងនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។
គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃមុននេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមីស៊ីលប្រឆាំងនាវា Harpoon Block II រាប់រយដុំដំបូងទៅកាន់ទីក្រុងតៃប៉ិ ក្រោមកិច្ចព្រមព្រៀងដែលបានអនុម័តក្នុងឆ្នាំ២០២០ ។
សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ដែរថាការអនុវត្តការលក់ ដែលបានស្នើឡើងនេះនឹងតម្រូវឱ្យមានការចាត់តាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រហែល ២៦រូប និងតំណាងអ្នកម៉ៅការចំនួន ៣៤នាក់ នឹងត្រូវធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលដល់បុគ្គលិកយោធាផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី