បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Axios បានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការព្រមានដល់អ៊ីរ៉ង់ តាមរយៈភាគីទីបីជាច្រើនដងរួចមកហើយនៅ មុនពេលការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនៅថ្ងៃសៅរ៍។
កាលពីព្រឹកថ្ងៃសៅរ៍ អ្នកនាំពាក្យនៃកងកម្លាំងយោធាអ៊ីស្រាអែលហៅកាត់ថា IDF លោក Daniel Hagari បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើ ការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់។
លោកបានពន្យល់ថា ប្រតិបត្តិការនេះ ត្រូវបានគេរាយការណ៍ថា មានរហស្សនាមថា៖ថ្ងៃនៃការប្រែចិត្តត្រូវបានចាប់ផ្តើម ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែពីរបបក្នុងប្រទេសអ៊ីរ៉ង់ ដែលប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល។
យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងទៀតថាអ៊ីស្រាអែល ក៏បានព្រមានសាធារណៈរដ្ឋអ៊ីស្លាមប្រឆាំងនឹងការឆ្លើយតបទៅនឹង ការវាយប្រហាររបស់ខ្លួនផងដែរ ដោយគំរាមកំហែងការវាយប្រហារដ៏សាហាវបន្ថែមទៀត ប្រសិនបើទីក្រុងតេហរ៉ង់នឹងធ្វើការសងសឹកណាមួយនោះ។
រំលឹកដែរថាកាលពីថ្ងៃទី១ ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជិត ២០០ គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស និងហេសបូឡា ព្រមទាំងឧត្តមសេនីយ៍កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)៕
ប្រែសម្រួល៖ ស៊ុនលី