ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami កើនឡើងដល់ ៩០នាក់ ខណៈ៣៦នាក់កំពុងបាត់ខ្លួន

AFP

ម៉ានីល៖ ក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយហៅកាត់ (NDRRMC) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់៩០នាក់ហើយ ខណៈមនុស្សតិចបំផុតចំនួន ៣៦នាក់ នៅតែកំពុងបាត់ខ្លួននៅឡើយ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើងជាច្រើនកន្លែង ។

ក្រុមប្រឹក្សា NDRRMC បានឲ្យដឹងថា ព្យុះត្រូពិច Trami បានបង្កផលប៉ះពាល់ដល់មនុស្សជាង៥,៧ លាននាក់នៅទូទាំង១៦ តំបន់នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

ព្យុះទីហ្វុង Trami ជាព្យុះទី១១ ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ ហើយបានបោកបក់ទូទាំងប្រទេសហ្វីលីពីន ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញ ដោយបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅលើកោះ Luzon ជាពិសេសនៅតំបន់ Bicol និង Calabarzon និងតំបន់នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។

អាជ្ញាធរកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ៣៦នាក់ ដែលនៅកប់ក្នុងពេលមានគ្រោះបាក់ដី ឬត្រូវលិចពេលមានគ្រោះទឹកជន់ ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានបញ្ជាក់ថា ព្យុះត្រូពិច Trami ក៏បានធ្វើឲ្យមនសុ្សជាង ៨.០០០នាក់ នៅជាប់គាំងនៅឯកំពង់ផែសមុទ្រផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top