បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីសង្ឃឹមថា អង្គការណាតូបាន “ឮ” ការព្រមានរបស់លោកអំពីផលវិបាកនៃការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ពូទីន បាននិយាយកាលពីខែមុនថា ទីក្រុងមូស្គូនឹងចាត់ទុកការវាយប្រហារណាមួយថាជាការវាយប្រហារដោយផ្ទាល់ពីប្រទេសដែលផ្គត់ផ្គង់អាវុធ។ ចំពេលមានការកើនឡើងនៃការចូលរួមរបស់លោកខាងលិចក្នុងជម្លោះអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីរុស្ស៊ី ក៏បានស្នើឱ្យធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែរជាតិផងដែរ។
នៅពេលត្រូវបានសួរថាតើអ្នកគាំទ្ររបស់ទីក្រុងគៀវ បានស្តាប់ការព្រមានរបស់លោកឬអត់នោះ លោក ពូទីនn បានប្រាប់អ្នកយកព័ត៌មាន Rossiya-1 Pavel Zarubin វិញថា “ពួកគេមិនបានប្រាប់ខ្ញុំអ្វីទាំងអស់អំពីវា ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេបានឮអំពីព្រមាននេះ” ។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកពូទីនបានសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែនមិនអាចប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដោយឯករាជ្យបានទេ។ លោកបានពន្យល់ថា “មានតែអ្នកឯកទេសមកពីរដ្ឋណាតូប៉ុណ្ណោះដែលអាចធ្វើរឿងនេះបាន ពីព្រោះវាទាមទារឱ្យមានការស៊ើបការណ៍សម្ងាត់ក្នុងលំហ ដែលអ៊ុយក្រែនមិនមាន” ។
យោងតាមលោកពូទីន “អ្វីដែលកំពុងកើតឡើងឥឡូវនេះគឺធ្វើឡើងដោយដៃរបស់មន្រ្តីណាតូ” ។ លោកបានចង្អុលបង្ហាញថា «សំណួរតែមួយគត់គឺថាតើពួកគេនឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ីឬអត់»។ ប្រធានាធិបតីរុស្ស៊ីបានព្រមានថា រុស្ស៊ីត្រូវតែឆ្លើយតបតាមនោះ៕
ទីក្រុងគៀវអស់រយៈពេលជាច្រើនខែមកនេះ គឺបានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដកបម្រាមលើការវាយប្រហារយ៉ាងជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ី ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច ដោយបន្ទោសការបរាជ័យរបស់ខ្លួននៅលើសមរភូមិលើភាពស្ទាក់ស្ទើររបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា