ម៉ានីល៖ កាលពីថ្ងៃអាទិត្យ ក្រុមប្រឹក្សាគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ របស់ប្រទេសហ្វីលីពីន ហៅកាត់ (NDRRMC បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់១១០នាក់ហើយ និងយ៉ាងហោចណាស់មានមនុស្សចំនួន ៤២នាក់ នៅតែបន្តបាត់ខ្លួន ដោយសារទឹកជំនន់ និងការបាក់ដីដ៏ធំ ។
ទីភ្នាក់ងារគ្រោះមហន្តរាយបានបញ្ជាក់ថា ព្យុះត្រូពិច Trami បានប៉ះពាល់ដល់មនុស្សជាង ៥,៩លាននាក់ នៅទូទាំង១៦តំបន់ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
ព្យុះទីហ្វុង Trami ជាព្យុះទី១១ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ ហើយបានបោកបក់ទូទាំងប្រទេសហ្វីលីពីន ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញ ដោយបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅលើកោះ Luzon ជាពិសេសនៅតំបន់ Bicol និង Calabarzon និងតំបន់នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។
អាជ្ញាធរកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនទាំង ៤២នាក់ ដែលត្រូវបានកប់ក្នុងពេលមានគ្រោះបាក់ដី ឬត្រូវទឹកជន់លិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា