បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទ ក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្តី ពីបញ្ហាសេដ្ឋកិច្ចថា កម្រិតអ្នកគ្មានការងារធ្វើ នៅក្នុងប្រទេសរុស្ស៊ីនៅតែស្ថិតក្នុង កម្រិតទាបបំផុតឬប្រមាណជា ២,៤ភាគរយ ប៉ុណ្ណោះសម្រាប់រយៈពេលបី ខែជាប់ៗគ្នានៅក្នុងខែសីហា។
ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ ជាពិសេសថាភាព អត់ការងារធ្វើក្នុងចំណោម យុវជនអាយុក្រោម២៥ឆ្នាំ ដែលបានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ បច្ចុប្បន្នអត្រានេះវាមានទំហំតិចជាង៩ភាគរយ បន្ទាប់ពីបានធ្លាក់ចុះច្រើនជាង១ភាគរយកាលពីឆ្នាំមុនដោយកត់សម្គាល់ថាកាលពីឆ្នាំមុនវាមានទៅដល់១១,៦ភាគរយ។
ទីភ្នាក់ងារជាតិទទួលបន្ទុកស្ថិតិរដ្ឋ Rosstat បាននិយាយនៅខែនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ីក្នុងខែសីហា នៅតែស្ថិតក្នុងកម្រិតទាប គ្រប់ពេលវេលារបស់ខ្លួនសម្រាប់ខែ ទី៣ជាប់ៗគ្នានិងជាកម្រិត អប្បបរមាជា ប្រវត្តិសាស្ត្រ២,៤ភាគរយ តាំងតែពីខែមិថុនា ឆ្នាំ២០២៤។
យោងតាមប្រភព Rosstat ដដែលបាន ឲ្យដឹងថាមនុស្ស ១,៨ លាននាក់ដែលមានអាយុចាប់ពី១៥ឆ្នាំ ឡើងទៅត្រូវបាន ចាត់ថ្នាក់ជាអ្នកអត់ការងារធ្វើគិតត្រឹមខែសីហា។ចំពោះសេដ្ឋកិច្ចរុស្ស៊ីទាំងមូល លោកប្រធានាធិបតី បាននិយាយថាវាកំពុងបន្តកើនឡើងផងដែរ។
លោកPutinបាននិយាយថា កំណើនឧស្សាហកម្មរបស់រុស្ស៊ី ក្នុងរយៈពេលប្រាំបីខែដំបូង នៃឆ្នាំនេះគឺ៤,៥ភាគរយ ហើយវិស័យផលិតកម្មបានបន្ថែម៨,១ភាគរយខណៈពេល ដែលវិស្វកម្មមេកានិច កើនឡើងជិត២០ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី់