តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ដោយប្រើឧបករណ៍ ដែលមានទាំងអស់។
លោក Baghaei បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹង សំណួរមួយអំពីថាតើអ៊ីរ៉ង់ បានទទួលសារណា មួយពីរដ្ឋលោកខាងលិច ដែលអំពាវនាវកុំឱ្យ មានការសងសឹក ប្រឆាំងនឹងការវាយប្រហារថ្ងៃ សៅរ៍របស់អ៊ីស្រាអែលលើដីរបស់ខ្លួន។
លោកបានលើកឡើងថា “វាច្បាស់ណាស់ សម្រាប់មនុស្សគ្រប់គ្នាថា អ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួន ក្នុងការឆ្លើយតបទៅ នឹងការឈ្លានពាន របស់អ៊ីស្រាអែលនោនោះទេនេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា “យើងនឹងប្រើឧបករណ៍ ដែលមានទាំងអស់ សម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរបបអ៊ីស្រាអែល ហើយធម្មជាតិនៃការឆ្លើយតប របស់យើងនឹងអាស្រ័យ លើប្រភេទនៃការវាយប្រហារ របស់អ៊ីស្រាអែល ដែលបានកើតឡើង” ។
ដោយអត្ថាធិប្បាយលើការ កត់សម្គាល់កាលពីថ្ងៃសៅរ៍ ដោយអនុប្រធានាធិបតី អាមេរិកលោកស្រី កាម៉ាឡា ហារីស ដែលបានព្រមានអ៊ីរ៉ង់ កុំឱ្យឆ្លើយតបនឹង ការវាយប្រហាររបស់អ៊ីស្រាអែល លោក Baghaei បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការបំពាក់អាវុធ ការស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកនយោបាយសម្រាប់អ៊ីស្រាអែល ជាជាងការអំពាវនាវ ឱ្យប្រទេសផ្សេងទៀត អនុវត្តការអត់ធ្មត់៕
ប្រែសម្រួល ឈូក បូរ៉ា