បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សហជីពអាល្លឺម៉ង់ IG Metall កាលពីថ្ងៃអង្គារ បានចាប់ផ្តើមធ្វើកូដកម្ម នៅក្នុងឧស្សាហកម្មដែក និងអគ្គិសនី របស់ប្រទេសនេះ ក្នុងការប៉ុនប៉ង ដើម្បីទទួលបានប្រាក់ ឈ្នួលខ្ពស់ជាងនេះ ។ សកម្មភាពនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានភាពសេដ្ឋកិច្ចផលិតកម្ម ដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
យោងតាមកាសែត Bild របស់អាល្លឺម៉ង់ បុគ្គលិកបានចាប់ផ្តើមដើរ ចេញពីការងារក្នុងអំឡុងពេលវេនយប់ រួមទាំងនៅរោងចក្រ របស់ក្រុមហ៊ុន Volkswagen ក្នុងទីក្រុង Osnabruck ជាកន្លែងដែលកម្មករបារម្ភថា រោងចក្រអាចនឹងត្រូវបិទទ្វារ ។
នៅទីកន្លែងផ្សេងទៀត បុគ្គលិកប្រហែល ២០០ នាក់ នៃក្រុមហ៊ុនផលិតអាគុយ Clarios បានធ្វើកូដកម្មនៅទីក្រុង Hanover រដ្ឋ Lower Saxony ដោយកាន់ពិល និងទង់សហជីព ។
ទន្ទឹមនឹងនេះ នៅទីក្រុង Hildesheim រដ្ឋ Lower Saxony បុគ្គលិកប្រហែល ៤០០ នាក់ រួមទាំងបុគ្គលិកនៅ Jensen GmbH, KSM Castings Group, Robert Bosch, Waggonbau Graaff និង ZF CV Systems Hannover ត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ប្រតិបត្តិការ។
ការតវ៉ាក៏ត្រូវបានគេរំពឹងទុកនៅរោងចក្រផលិតរថយន្តម៉ាក BMW និង Audi ក្នុងទីក្រុង Bavaria។ កាសែតបានសរសេរថា ការងារនឹងត្រូវបញ្ឈប់ទូទាំងប្រទេសក្នុងអំឡុងពេលនៃថ្ងៃនោះ។
អ្នកចរចា និងអ្នកគ្រប់គ្រងស្រុក Thorsten Groger របស់ IG Metall បាននិយាយថា “ការពិតដែលថាខ្សែផលិតកម្ម កំពុងជាប់គាំង ហើយការិយាល័យនៅទំនេរ គឺជាការទទួលខុសត្រូវរបស់និយោជក” ។
IG Metall កំពុងទាមទារការដំឡើងប្រាក់ឈ្នួល 7% បើប្រៀបធៀ បទៅនឹងការដំឡើង 3.6% ក្នុងរយៈពេល 27 ខែដែលផ្តល់ដោយសមាគម និយោជក ដោយសារអតិផរណា កើនឡើង។ ក្រុមហ៊ុនហៅការទាមទារ បែបនេះថាមិនប្រាកដប្រជា ៕
ប្រែសម្រួលៈ ណៃ តុលា