ប្រេស៊ីល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដកការហ៊ុមព័ទ្ធពាណិជ្ជកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍មកហើយ។
លោក Vieira ត្រូវបានគេដកស្រង់សម្តីថា “វាជាភស្តុតាងដែលថាទណ្ឌកម្មធ្ងន់ធ្ងរ ដែលបានដាក់លើគុយបា ទាំងដោយសារការហ៊ុមព័ទ្ធ និងការដាក់បញ្ចូលក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មបានរួមចំណែកកាន់តែធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ”។
លោក Vieira ដោយសំដៅទៅលើព្យុះដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់នៅក្នុងប្រទេសគុយបា បានឲ្យដឹងថា “វិធានការទាំងនេះដែលបានដាក់ទណ្ឌកម្មដោយអយុត្តិធម៌រួចទៅហើយដល់ប្រជាជនគុយបា ឥឡូវនេះរារាំងការឆ្លើយតបគ្រប់គ្រាន់ចំពោះវិបត្តិមនុស្សធម៌ ដែលបង្កើតឡើងដោយព្យុះ Hurricane Oscar” ។
ទីក្រុងហាវ៉ាណា សំដៅលើការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានដាក់ក្នុងឆ្នាំ១៩៦១ ជាការបិទផ្លូវ ព្រោះវាមានប្រសិទ្ធភាពរារាំងប្រទេសភាគច្រើន មិនឱ្យធ្វើអាជីវកម្មជាមួយប្រទេសដែនកោះនេះដោយការដាក់ទណ្ឌកម្មលើប្រតិបត្តិការបែបនេះ៕
ប្រែសម្រល ឈូក បូរ៉ា