មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅទីក្រុងមូស្គូ ក្នុងការតវ៉ាជុំវិញការរឹបអូស យកទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី នៅទីក្រុងហែលស៊ីនគី។
ក្រសួងបានឲ្យដឹងថា សេវាកម្មអាជ្ញាសាលាហ្វាំងឡង់ បានរឹបអូសអចលនទ្រព្យចំនួន ៤៥ នៅក្នុងប្រទេសហ្វាំងឡង់ ដែលជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី ដោយបន្ថែមថាទ្រព្យសម្បត្តិមួយចំនួន ត្រូវបានប្រើប្រាស់ដោយស្ថានទូត និងត្រូវបានការពារដោយអភ័យឯកសិទ្ធិការទូត។
រុស្ស៊ី បានជំរុញប្រទេសហ្វាំងឡង់ ឱ្យពិចារណាឡើងវិញនូវ “ការសម្រេចចិត្តមិនស្របច្បាប់” របស់ខ្លួនដែលបំពានលើ អនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ហើយឯកអគ្គរដ្ឋទូតហ្វាំងឡង់ ត្រូវបានគេព្រមានថា រុស្ស៊ីអាចចាត់វិធានការសងសឹក ប្រសិនបើចាំបាច់។
ប្រទេសហ្វាំងឡង់ បានចាប់ផ្តើមរឹបអូសទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីនៅទីក្រុងហែលស៊ីនគី កាលពីសប្តាហ៍មុន បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ដោយផ្អែកលើបណ្តឹង ដែលប្តឹងដោយក្រុមហ៊ុន ថាមពលរដ្ឋរបស់អ៊ុយក្រែន Naftogaz ។
ការរឹបអូសនេះ គឺជាប់ទាក់ទងនឹងសេចក្តីសម្រេច ពីមុនរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ដែលតម្រូវឱ្យរុស្ស៊ី បង់ប្រាក់ជាង ៥ ពាន់លានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុន Naftogaz ដើម្បីទូទាត់សង សម្រាប់ទ្រព្យសម្បត្តិ ដែលត្រូវបានចោទប្រកាន់ថា បានបាត់បង់នៅគ្រីមៀ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									