បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក BENJAMIN NETANYAHU បានប្រាប់សភា KNESSET របស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលគ្រោងនឹងបន្តកិច្ចព្រមព្រៀង សន្តិភាពជាមួយបណ្តាប្រទេសអារ៉ាប់ បន្ទាប់ពីគោលដៅយោធារបស់ខ្លួន ត្រូវបានសម្រេចនៅក្នុងតំបន់ហ្គាហ្សា និងលីបង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក NETANYAHU បានធ្វើការកត់សម្គាល់ប៉ុន្មានថ្ងៃបន្ទាប់ពី អ៊ីស្រាអែលបានបើកការវាយប្រហារ លើមូលដ្ឋានយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ជាការសងសឹកចំពោះការបាញ់ផ្លោងមីស៊ីល ជាច្រើនគ្រាប់របស់ទីក្រុងតេអេរ៉ង់ទៅលើរដ្ឋជ្វីហ្វ (អ៊ីស្រាអែល) កាលពីដើមខែនេះ។ អ៊ីរ៉ង់បានលើកឡើងពីការធ្វើឃាតមន្ត្រីជាន់ខ្ពស់ HEZBOLLAH រួមទាំងមេដឹកនាំយូរឆ្នាំ HASSAN NASRALLAH ជាមូលហេតុនៃការវាយប្រហារនេះ។
លោក NETANYAHU បានប្រាប់សមាជិកសភាថា «មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្គាហ្សា ហើយក្រុមហេសបូឡាលែងតាំង នៅព្រំដែនភាគខាងជើងរបស់យើង យើងកំពុងធ្វើការនៅថ្ងៃនេះលើផែនការ ដើម្បីធ្វើឱ្យមានស្ថេរភាពរណសិរ្សទាំងពីរនោះ ប៉ុន្តែថ្ងៃបន្ទាប់រួមបញ្ចូលអ្វីផ្សេងទៀត ដែលមានសារៈសំខាន់បំផុត» ។
បន្ទាប់ពីគោលដៅទាំងនេះត្រូវបានសម្រេច លោកបាននិយាយថា អ៊ីស្រាអែលនឹងបន្តកិច្ចខិតខំប្រឹងប្រែង សន្តិភាពនៅក្នុងតំបន់ “ជាមួយនឹងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងអប្រាហាំជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចបានសន្តិភាព ជាមួយប្រទេសអារ៉ាប់ដទៃទៀត” ។
សូមជម្រាបថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ប្រហារគ្នា ចាប់តាំងពីរដ្ឋជ្វីហ្វ បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន។ អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតក្នុងខែកញ្ញា ដោយបានបើកប្រតិបត្តិការព្រួញខាងជើង ដើម្បីវាយប្រហារលើគោលដៅ របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									