ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់មីស៊ីល ដែលខ្លួនបាញ់សាកល្បងថ្មីៗនេះ ជាមីស៊ីលផ្លោងអន្ដរទ្វីប Hwasong-19

kyodo

សេអ៊ូល៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មីស៊ីលដែលខ្លួនបានបាញ់ សាកល្បងមួយថ្ងៃមុននេះ គឺជាមីស៊ីលផ្លោងអន្តរទ្វីបថ្មី ICBM  Hwasong-19 នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន “បានសម្តែង ការពេញចិត្តយ៉ាងខ្លាំង” ចំពោះការបាញ់សាកល្បង ដោយជោគជ័យ នៃមីស៊ីលថ្មីនេះ ដោយហៅវាថាជា “កំណែចុងក្រោយ” នៃមីស៊ីល ICBM ។ 

លោកក៏បានឲ្យដឹងផងដែរថា “ទីតាំងអនុត្តរភាព” របស់ប្រទេសលោកក្នុងការអភិវឌ្ឍន៍ មធ្យោបាយសម្រាប់ ការវាយប្រហារនុយក្លេអ៊ែរគឺ “មិនអាចត្រឡប់វិញបាននោះទេ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។

មីស៊ីលនេះត្រូវបានបាញ់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគន្លងដ៏ខ្ពស់មួយ ដែលជារយៈពេល ហោះហើរវែងបំផុតមិនធ្លាប់ មានសម្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺ ៨៦ នាទី ហើយវាបានធ្លាក់នៅខាង ក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

KCNA បានឲ្យដឹងថា មីស៊ីលបានឈានដល់កម្ពស់អតិបរមា ៧,៦៨៧,៥គីឡូម៉ែត្រ និងហោះបានចម្ងាយ ១,០០១,២គីឡូម៉ែត្រ សម្រាប់រយៈពេល ៨៥នាទី និង ៥៦វិនាទី មុនពេលធ្លាក់នៅលើតំបន់កំណត់ទុកជាមុន។

KCNA បានឲ្យដឹងទៀតថា “ការសាកល្បងប្រព័ន្ធអាវុធយុទ្ធ សាស្ត្រចុងក្រោយបង្អស់ បានធ្វើបច្ចុប្បន្នភាព កំណត់ត្រាថ្មីៗនៃសមត្ថភាពមីស៊ីល យុទ្ធសាស្ត្ររបស់កូរ៉េខាងជើង និងបង្ហាញពីភាពទំនើប និងភាពជឿជាក់នៃការរារាំង យុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក”។

ប្រព័ន្ធអាវុធ ICBM Hwasong-19 “ល្អឥតខ្ចោះនឹងត្រូវប្រើប្រាស់ ដោយកងកម្លាំងកូរ៉េខាងជើង រួមជាមួយនឹង Hwasong-18 ស្របតាម ផែនការរយៈពេលវែង សម្រាប់ការកសាងកងកម្លាំង នុយក្លេអ៊ែររបស់រដ្ឋ ហើយនឹងបម្រើជា មធ្យោបាយស្នូលចម្បង សម្រាប់ការការពារ ប្រទេសកូរ៉េខាងជើង”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top