បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបជាមួយមេដឹកនាំនៃប្រទេសកាតា Sheikh Tamim Bin Hamad Al Thani នៅទីក្រុង Doha កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់កាតា ខណៈដែលភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នារួមទាំងការធ្វើដំណើរផងដែរ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងទំនាក់ទំនងវប្បធម៌ និងការពន្លឿនការចរចាសម្រាប់កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោក Sheikh Tamim បាននិយាយថា ក្រៅពីវិស័យសហប្រតិបត្តិការជាប្រពៃណី ប្រទេសទាំងពីរត្រូវបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ជាពិសេសវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងថាមពល។ លោកបាននិយាយថា កាតាត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការវិនិយោគនៅវៀតណាមនាពេលខាងមុខ។
ដោយអះអាងថាគ្មានដែនកំណត់ក្នុងទំនាក់ទំនងជាមួយវៀតណាមនោះ មេដឹកនាំកាតា បាននិយាយថា កាតាតែងតែបើកចំហចំពោះសកម្មភាពសហប្រតិបត្តិការជាមួយវៀតណាម ហើយស្នើភាគីទាំងពីរស្វែងរកវិស័យសហប្រតិបត្តិការ៕
ប្រែសម្រួលៈ ណៃ តុលា