តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអាល់ហ្សេរី លោក Ahmed Attaf បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ “អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា និងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់” ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
ស្ថានភាពនៅក្នុងតំបន់បានក្លាយទៅជាមិនច្បាស់លាស់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងលីបង់ ដែលបញ្ជាក់ពីភាពចាំបាច់ សម្រាប់សហគមន៍អន្តរជាតិក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួល ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រតិបត្តិការឥស្លាម ដើម្បីបញ្ឈប់ការវាយប្រហារ។
នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសរសើរអាល់ហ្សេរី ចំពោះជំហររឹងមាំរបស់ខ្លួនក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន និងលីបង់ និងការថ្កោលទោស ចំពោះ “ការឈ្លានពាន” នាពេលថ្មីៗនេះរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស “ច្បាស់លាស់ និងចំគោលដៅ” ទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះពីប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា