ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ នៅពេលយប់ និងពេលព្រឹក ទាំងនៅលីបង់ និងតំបន់ ហ្គាហ្សា

AFP

បរទេស៖ អ៊ីស្រាអែលបាន បើកការវាយប្រហារនៅពេលយប់ និងនៅព្រឹកថ្ងៃសុក្រ នៅតំបន់ជាយក្រុង បេរូត ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបាត់បង់អាយុជីវិត ខណៈដែលកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ឡើងវិញនៅក្នុងប្រទេសលីបង់ និងហ្គាហ្សា កំពុងដំណើរការ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការវាយប្រហារលើកដំបូង របស់ខ្លួនក្នុង រយៈពេលជាងមួយសប្តាហ៍ ការវាយប្រហារតាម អាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ ជាយក្រុងលីបង់ ភាគខាងត្បូង នៃទីក្រុង Dahiyeh និងតំបន់ផ្សេងទៀតនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានចេញបញ្ជា ជម្លៀសអ្នកស្រុក។ វីដេអូ​ពី​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ ពី​អគារ​មួយ​ចំនួន​ដែល​បាក់បែក ខណៈ​ផ្សែង​ហុយ​ឡើង​ពីលើ​មេឃ។

សារព័ត៌មាន Associated Press ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ ឬ NNA បានរាយការណ៍ថា មនុស្ស ២៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនៅក្នុងតំបន់ បេរូត ។ កងកម្លាំងការពារអ៊ីស្រាអែល ឬហៅកាត់ថា IDF បានរាយការណ៍ថា មនុស្ស ៧ នាក់ ត្រូវបានសម្លាប់នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល ដោយការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ឆ្លងព្រំដែនពីក្រុមហេសបូឡា ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះទៅក្នុងគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន IDF បាននិយាយ នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រថា យន្តហោះចម្បាំងរបស់ខ្លួន “បានវាយប្រហារ ដោយកន្លែង ស៊ើបការណ៍សម្ងាត់” សម្រាប់ការផលិតអាវុធ ក៏ដូចជាអ្វីដែលវាបាន និយាយថាជាទីស្នាក់ការកណ្តាលរបស់ក្រុម ហេសបូឡា និង “ហេដ្ឋារចនាសម្ព័ន្ធយោធា” ផ្សេងទៀតនៅតំបន់បេរូត ។

IDF បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន ក៏បានវាយប្រហារ ពេលយប់ នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាទីស្នាក់ការកណ្តាល “រណសិរ្សខាងត្បូង” របស់ហេសបូឡា នៅទូទាំង Nabatiyeh នៅភាគខាងត្បូងប្រទេសលីបង់។ ពួកគេបាននិយាយថា ការព្រមានជាមុនត្រូវបានផ្តល់ដល់ប្រជាជននៅក្នុងតំបន់ ដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល៕
ប្រែសម្រួលៈ ណៃ តុលា

To Top