បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានធ្វើការវាយប្រហារទៅលើមជ្ឈមណ្ឌលបញ្ជា និងបញ្ជាយន្តហោះគ្មានមនុស្សបើករបស់អគ្គសេនាធិការអ៊ុយក្រែន ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋធានគៀវ។
ក្រសួងបានលើកឡើងពីការធ្វើការវាយប្រហារនេះនៅក្នុងសន្និសីទប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃសុក្រហើយសេចក្តីរាយការណ៍បាននិយាយថា ក្រៅពីមជ្ឈមណ្ឌលបញ្ជានៅទីក្រុងគៀវ យោធារុស្ស៊ីក៏បានកំណត់គោលដៅទីតាំងផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន និងឃ្លាំងផ្ទុក UAV ផងដែរ។
ទោះបីជាយ់ាងណាក្តីក្រសួងការពារជាតិមិនបានបញ្ជាក់ពីពេលណាដែលការវាយប្រហារបានកើតឡើងនោះទេ ព្រោះថាមជ្ឈមណ្ឌលនេះទំនងជាទទួលរងការវាយប្រហារជាច្រើនដងក្នុងមួយសប្តាហ៍ដោយក្នុងនោះ កាលពីថ្ងៃអង្គារ យោធារុស្ស៊ីក៏បានលើកឡើងអំពីកន្លែងនេះក្នុងការសង្ខេបប្រចាំថ្ងៃរបស់ខ្លួនផងដែរ។
រូបភាពជាច្រើនដែលត្រូវបានចែករំលែកដោយអតីតសមាជិកសភាអ៊ុយក្រែន លោក Igor Mosiychuk កាលពីថ្ងៃពុធ បង្ហាញពីប្រហោងដ៏ធំមួយនៅលើដំបូលអគារអគ្គសេនាធិការ។
ដោយឡែក ប្រមុខនៃសាធារណរដ្ឋ Chechen នៃប្រទេសរុស្ស៊ី លោក Ramzan Kadyrov បាននិយាយកាលពីថ្ងៃពុធថា មជ្ឈមណ្ឌលបញ្ជាការ UAV របស់អគ្គសេនាធិការអ៊ុយក្រែន ត្រូវបានកំណត់គោលដៅដោយយន្តហោះគ្មានមនុស្សបើក Geran-2 kamikaze ក្នុងការវាយប្រហារចំនួនពីរលើកផងដែរ។
មេដឹកនាំ Chechen រូបនេះបានអះអាងថាវាគឺជាវាយប្រហារបន្ថែម ដោយបញ្ជាក់ថា ជាបេសកកម្មដែលទទួលបានប្រសិទ្ធភាពខ្លាំង ដោយយ៉ាងហោចណាស់ទាហានអ៊ុយក្រែន ៩នាក់ត្រូវបានសម្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល៖ ស៊ុនលី