ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា

VOA

បរទេស៖ មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃសុក្រថា រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកបន្ថែម និងនាវាចម្បាំងរបស់កងទ័ពជើងទឹកទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ខណៈដែលនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនកំពុងរៀបចំចាកចេញ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមមន្ត្រីយោធាអាមេរិក និងយោធាបួននាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីចលនាកងទ័ពថា លោក Austin បានបញ្ជាឱ្យយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress មួយចំនួន, យន្តហោះដឹកប្រេង និងនាវាពិឃាតកងទ័ពជើងទឹក ដើម្បីដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា ។

ចលនាយោធានេះបានកើតឡើងនៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា និងហេសបូឡាហ៍ក្នុងប្រទេសលីបង់ រួមទាំងការវាយប្រហារសងសឹកលើអ៊ីរ៉ង់កាលពីមួយសប្តាហ៍មុន ដែលទំនងជាបានបំផ្លាញមូលដ្ឋានដែលផលិតមីស៊ីលផ្លោង និងបាញ់រ៉ុក្កែតជាផ្នែកមួយនៃកម្មវិធីអវកាសរបស់ទីក្រុងតេហេរ៉ង់។

សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានបទឈប់បាញ់ ខណៈនិយាយម្តងហើយម្តងទៀតថា ខ្លួននឹងការពារអ៊ីស្រាអែល និងបន្តការពារវត្តមានរបស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ រួមទាំងការវាយប្រហារពីក្រុម Houthi ដែលមានមូលដ្ឋាននៅយេម៉ែន ប្រឆាំងនឹងនាវានៅសមុទ្រក្រហម។

យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយត្រូវបានដាក់ពង្រាយម្តងហើយម្តងទៀតទៅកាន់មជ្ឈិមបូព៌ា ក្នុងការព្រមានទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាជាលើកទីពីរក្នុងខែនេះដែលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក នឹងត្រូវបានប្រើដើម្បីពង្រឹងការការពាររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

កាលពីខែតុលា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ត្រូវបានប្រើដើម្បីវាយប្រហារលើគោលដៅ Houthi ក្រោមដីក្នុងប្រទេសយេម៉ែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top