ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការនាំចេញឧស្ម័នតាមបំពង់របស់រុស្ស៊ីទៅកាន់អឺរ៉ុប បានកើនឡើងជាង ១៥ភាគរយដល់ ២៦,៥១ ពាន់លានម៉ែត្រគូបក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំនេះ។
របាយការណ៍នេះបានឲ្យដឹងថា សម្រាប់រយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២៣ តួលេខនេះមានចំនួនប្រហែល ២៨,១៥ពាន់លានម៉ែត្រគូប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញឧស្ម័នតាមបំពង់របស់រុស្ស៊ីទៅកាន់អឺរ៉ុបខាងលិច និងកណ្តាលតាមរយៈអ៊ុយក្រែន មានចំនួនសរុប ១២,៨៥ពាន់លានម៉ែត្រគូប កើនឡើង ៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសថា អ៊ុយក្រែន នឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនរបស់ខ្លួនជាមួយក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom ដែលគ្រោងនឹងផុតកំណត់នៅចុងឆ្នាំនេះ។
អ្នកជំនាញបានឲ្យដឹងថា ទោះបីជាការបន្តកិច្ចព្រមព្រៀងឆ្លងកាត់ហាក់ដូចជាមិនទំនងដោយសារភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ក៏បណ្តាប្រទេសសហភាពអឺរ៉ុប នៅតែអាចធានាបានឧស្ម័នរុស្ស៊ីតាមរយៈការដេញថ្លៃ និងចំណុចចែកចាយឧស្ម័ន ដែលបានកែប្រែ៕
ប្រែសម្រួល ឈូក បូរ៉ា