ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ច្រានចោលផែនទីបង្ហាញផ្លូវរបស់លីបង់ សម្រាប់បទឈប់បាញ់

afp

បេរូត៖ កាសែត​អារ៉ាប់ Asharq Al-Awsat បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​ច្រានចោល​ផែនទី​បង្ហាញផ្លូវ​របស់​ប្រទេស​លីបង់ សម្រាប់​បទ​ឈប់​បាញ់​មួយ​។

លោក Berri ត្រូវបានគេដកស្រង់សម្តីថា “នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោលផែនទីបង្ហាញផ្លូវបទឈប់បាញ់របស់ប្រទេសលីបង់ ដែលយើងយល់ព្រមជាមួយបេសកជនអាមេរិកលោក Amos Hochstein” ដែលចលនានយោបាយ ដើម្បីដោះស្រាយវិបត្តិត្រូវបានពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា។

នៅក្នុងជំនួបជាមួយប្រធានកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) លោក Aroldo Lazaro Saenz លោក Berri ក៏បានសង្កត់ធ្ងន់ថា “អ៊ីស្រាអែល បានខ្ជះខ្ជាយឱកាសពិតប្រាកដម្ដងជាពីរដង ដើម្បីបញ្ឈប់ការបាញ់ប្រហារ អនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ១៧០១ និងធ្វើឱ្យមនុស្សស្ងប់ស្ងាត់ និងជនភៀសខ្លួនត្រឡប់មកវិញតាមព្រំដែនទាំងសងខាង”។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក លោក Berri បានរាយការណ៍សង្ខេបទៅកាន់ប្រធាន UNIFIL អំពីការយល់ដឹង ដែលបានឈានដល់ជាមួយប្រេសិតសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកឆ្ពោះទៅរកបទឈប់បាញ់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top