ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ការនាំចេញឧស្ម័នតាមបំពង់បង្ហូររបស់ប្រទេសរុស្ស៊ី ទៅកាន់អឺរ៉ុបបានកើនឡើងជាង ១៥ភាគរយ គឺមានរហូតដល់ ២៦,៥២ ពាន់លានម៉ែត្រគូបក្នុងរយៈពេល ១០ខែដំបូងនៅក្នុងឆ្នាំនេះ ។
នៅក្នុងរបាយការណ៍ខាងលើនេះបានដាក់ថា សម្រាប់រយៈពេលពេញ ១ឆ្នាំ នៃឆ្នាំ២០២៣ តួលេខនេះមានចំនួនប្រហែល ២៨,១៥ពាន់លានម៉ែត្រគូប ។
ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញឧស្ម័នតាមបំពង់បង្ហូររបស់ប្រទេសរុស្ស៊ី ទៅកាន់អឺរ៉ុបខាងលិច និងកណ្តាលតាមរយៈប្រទេសអ៊ុយក្រែន មានចំនួនសរុប ១២,៨៥ពាន់លានម៉ែត្រគូប ដែលបានកើនឡើង ៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា អ៊ុយក្រែននឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនរបស់ខ្លួនជាមួយក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី ដែលមានឈ្មោះ Gazprom ដែលគ្រោងនឹងផុតកំណត់នៅចុងឆ្នាំនេះទៀតនោះទេ ។
អ្នកជំនាញបានលើកឡើងថា ទោះបីជាការបន្តកិច្ចព្រមព្រៀងត្រូវបានអនុម័តក្តី ដូចជាមិនទំនងដោយសារភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ក៏បណ្តាប្រទេសសហភាពអឺរ៉ុបនៅតែអាចធានាបានឧស្ម័នរុស្ស៊ីតាមរយៈការដេញថ្លៃ ការកក់ទុកពីសមត្ថភាព និងចំណុចចែកចាយឧស្ម័នដែលបានកែសម្រួលឡើងវិញរួចហើយដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា