ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញឲ្យពលរដ្ឋប្រមាណ ២០ ម៉ឺននាក់ភៀសខ្លួនចេញដោយសារព្យុះភ្លៀងដ៏ខ្លាំងក្លា

KYodo

តូក្យូ៖ មនុស្សជិត ២០០.០០០ នាក់នៅភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានជំរុញឱ្យជម្លៀសខ្លួននៅថ្ងៃសៅរ៍នេះ  ខណៈអាជ្ញាធរបានព្រមានពីគ្រោះបាក់ដី និងគ្រោះទឹកជំនន់កើតឡើង ស្របពេលដែលការបន្សល់ទុកនៃព្យុះត្រូពិចបានបោកបក់នៅទូទាំងប្រទេស ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា “ខ្យល់ក្តៅ និងសំណើមបានបណ្តាលឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងលាយឡំជាមួយនឹងព្យុះផ្គររន្ទះនៅភាគខាងលិចនៃប្រទេសជប៉ុន” ហើយមួយផ្នែកទៀតនោះ គឺដោយសារតែព្យុះទីហ្វុង Kong-rey ដែលត្រូវបានបន្សោយពីប្រព័ន្ធសម្ពាធទាបពីព្យុះទីហ្វុង ។

ទីក្រុង Matsuyama “បានចេញការព្រមានកម្រិតខ្ពស់ ដោយជំរុញឱ្យអ្នកស្រុកចំនួន ១៨៩.៥៥២នាក់ នៅក្នុងស្រុកចំនួន ១០ របស់ខ្លួនជម្លៀសខ្លួនចេញ និងទទួលបានសុវត្ថិភាពជាបន្ទាន់” ។

ខណៈដែលការជម្លៀសមិនមែនជាកាតព្វកិច្ច ការព្រមានកម្រិតខ្ពស់បំផុតរបស់ប្រទេសជប៉ុន ត្រូវបានប្រកាសឡើងជាធម្មតា នៅគ្រាដែលវាទំនងជាអាចកើតឡើងខ្លាំង ហើយគ្រោះមហន្តរាយប្រភេទខ្លះបានកើតឡើងរួចហើយដែរ ។

ក្រុមអ្នកព្យាករណ៍បានព្រមានថា គ្រោះបាក់ដី និងគ្រោះទឹកជំនន់អាចប៉ះពាល់ដល់តំបន់ភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ហើយនៅថ្ងៃអាទិត្យ នៅភាគខាងកើតនៃប្រទេសជប៉ុន ។

ដោយសារតែភ្លៀងធ្លាក់ចុះខ្លាំង ស្ថានីយរថភ្លើង Shinkansen ត្រូវបានផ្អាកមួយរយៈពេលខ្លីរវាងទីក្រុងតូក្យូ និងតំបន់ Fukuoka ស្ថិតនៅភាគខាងត្បូងនៅពេលព្រឹក នៅមុនពេលចាប់ផ្តើមដំណើរការឡើងវិញតាមកាលវិភាគដែលបានពន្យារពេលនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top