ព័ត៌មានអន្តរជាតិ

ចំនួនអ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រទេសអេស្បាញកើនឡើងដល់ ២០០នាក់

Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីបានរាយការណ៍កាលពីថ្ងៃសៅរ៍ថាចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់នៅក្នុងប្រទេសអេស្បាញបានកើនឡើងលើសពី ២០០នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តភាគខាងកើតនៃទីក្រុង Valencia បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Fernando Grande-Marlaska បានប្រាប់ស្ថានីយវិទ្យុ Cadena SER កាលពីថ្ងៃសៅរ៍ថា វាសមហេតុផលក្នុងការសន្មតថាចំនួនជនរងគ្រោះនៅក្នុងទីក្រុង Valencia និងផ្នែកផ្សេងទៀតនៃប្រទេសនឹងកើនឡើងបន្ថែមទៀត។

លោកក៏បានបន្ថែមដែរថា មនុស្សប្រហែល ១,៩០០នាក់ទៀត នៅតែមិនទាន់បានរាប់បញ្ចូល បន្ទាប់ពីទឹកជំនន់ដែលបង្កឡើងដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងដែលគេស្គាល់ថាជា DANA។

គួរឲ្យដឹងដែរថាDANA គឺជាអក្សរកាត់របស់អេស្ប៉ាញសម្រាប់សំគាល់សំពាធខ្យល់កម្រិតខ្ពស់ និងដាច់ស្រយាលនិងក្នុងរយៈកម្ពស់ខ្ពស់ ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅតាមតំបន់ភ្នំ។

មកទល់ពេលនេះភ្លៀងពេញមួយសប្តាហ៍នេះបានចាប់ផ្តើមតាំងតែពីថ្ងៃចន្ទ ហើយជាលទ្ធផលទឹកជំនន់បានបណ្តាលឱ្យស្ពានដួលរលំ អូសយានជំនិះជាច្រើន គ្របដណ្តប់ទីក្រុងនៅក្នុងភក់ក្រាស់ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដែលប៉ះពាល់ដល់មនុស្សប្រមាណ ១៤០,០០០ នាក់ផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top