សេអ៊ូល៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ (JCS) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធ ដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ។
អគ្គសេនាធិការ JCS បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធត្រីភាគីបានធ្វើឡើង នៅលើដែនទឹក ភាគខាងកើត នៃកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ។ ដោយបានបន្ថែមថា នេះជាលើកទី៤ហើយនៅក្នុងឆ្នាំនេះ ដែលយន្តហោះ ទម្លាក់គ្រាប់ បែកយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក បានហោះហើរទៅកាន់ឧបទ្វីបកូរ៉េ ។
យន្តហោះចម្បាំង F-15K, KF-16 មកពីកងទ័ពអាកាសកូរ៉េខាងត្បូង យន្តហោះទម្លាក់គ្រាប់បែក B-1B និងយន្តហោះចម្បាំង F-16 ពីកងទ័ពអាកាស សហរដ្ឋអាមេរិក និងយន្តហោះចម្បាំង F-2 មកពីកងកម្លាំងស្វ័យការពារ អាកាសជប៉ុន ។ ខាង JCS បានឲ្យដឹងថា មានការចល័តសម្រាប់ សមយុទ្ធផ្លូវអាកាស រួមបញ្ចូលគ្នាផងដែរ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ក្នុងអំឡុងពេលធ្វើសមយុទ្ធនេះដែរ យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលអមដោយយន្តហោះចម្បាំងមកពីប្រទេសទាំង៣ បានវាយប្រហារគោលដៅក្លែងក្លាយ ដោយបានកត់សម្គាល់ថា សមយុទ្ធនេះ គឺជាសមយុទ្ធផ្លូវអាកាសលើកទី២ រវាងប្រទេសទាំង៣ នៅក្នុងឆ្នាំនេះ ។
អគ្គសេនាធិការចម្រុះ JCS បានឲ្យដឹងថា សមយុទ្ធនេះ គឺដើម្បីឆ្លើយតបទៅ នឹងការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េកាលពីថ្ងៃទី ៣១ ខែតុលាកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា