ហ្សេរុយសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានជូនដំណឹងដល់អង្គការសហប្រជាជាតិថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា UNRWA នឹងត្រូវបានជំនួសដោយអង្គការអន្តរជាតិផ្សេងទៀត ហើយ “ការរៀបចំនឹងត្រូវបានធ្វើឡើងដើម្បីបញ្ចប់ការតភ្ជាប់ជាមួយ UNRWA និងដើម្បីជំរុញជម្រើសជំនួស UNRWA” ។
UNRWA ប្រតិបត្តិការសាលារៀននៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម ផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលមានវិបត្តិមនុស្សធម៌ និងផ្តល់ការថែទាំសុខភាព ជំនួយស្បៀងអាហារ និងសេវាសង្គមផ្សេងៗទៀត។
សេចក្តីប្រកាសនេះបានធ្វើតាមការអនុម័តច្បាប់ថ្មីកាលពីសប្តាហ៍មុននៅក្នុងច្បាប់ Knesset នៃសភាអ៊ីស្រាអែល ដែលហាមឃាត់ប្រតិបត្តិការរបស់ទីភ្នាក់ងារនេះក្នុងប្រទេសអ៊ីស្រាអែល និងហាមឃាត់អាជ្ញាធរអ៊ីស្រាអែល ពីកិច្ចសហប្រតិបត្តិការជាមួយវា។
ក្រសួងបានបន្ថែមថា “ស្របតាមលក្ខខណ្ឌនៃច្បាប់ ច្បាប់ស្តីពី UNRWA នឹងចូលជាធរមានក្នុងរយៈពេល ៣ខែ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការសម្រេចចិត្តនេះបានទាក់ទាញការរិះគន់យ៉ាងទូលំទូលាយពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសនៅពេលដែលតំបន់ហ្គាហ្សាប្រឈមមុខនឹងអ្វី ដែលអង្គការសហប្រជាជាតិពិពណ៌នាថា ជាវិបត្តិមនុស្សធម៌ “មហន្តរាយ” ចំពេលមានការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្ត៕