ថៃ៖Miss Grand Thailand 2022 កញ្ញា Engfa Waraha បានសម្តែងការខកចិត្តចំពោះទង្វើរបស់បេក្ខនារី នាងThae Su Nyein របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរាត្រីពិធីគ្រងរាជ្យបវរកញ្ញា Miss Grand International (MGI) ឆ្នាំនេះ រួមទាំងការដកម្កុដ និងដកហូតតំណែងរបស់នាងផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កាសែត Tien Phong បានរាយការណ៍ថា នាង Waraha បានចែករម្លែកក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានថៃ Khaosod ថា នាងធ្លាប់សរសើរនាង Thae អាយុ ១៧ ឆ្នាំសម្រាប់ភាពស្រស់ស្អាត ទេពកោសល្យ និងការសម្តែងដ៏គួរអោយចាប់អារម្មណ៍ ក្នុងការប្រកួតឆ្នាំនេះ ទោះបីជានាងនៅក្មេងក៏ដោយ។
នាង Waraha បានបន្តថា ទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់នាង Thae ក្នុងអំឡុងពេលយប់ចុងក្រោយ និងរបៀបដែលនាង និងក្រុមរបស់នាងបានគ្រប់គ្រង ស្ថានការណ៍នៅការប្រលង MGI 2024 បន្ទាប់មកបានធ្វើឲ្យនាងខកចិត្ត។
នាង Waraha បានបន្ថែមថា ខ្ញុំបានព្យាករណ៍ថា តំណាងរបស់មីយ៉ាន់ម៉ា នាងThae នឹងជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ដោយសារតែរូបរាងរបស់នាង ដូច្នេះហើយ សកម្មភាពរបស់ក្រុម Miss Grand Myanmar បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងកង្វះវិជ្ជាជីវៈ របស់ពួកគេក្នុងការដោះស្រាយបញ្ហា។
កាលពីថ្ងៃទី ២៦ ខែតុលា ក្នុងពិធីប្រគល់ជយលាភីរបស់ MGI នៅទីក្រុងបាងកក Thae ត្រូវបានប្រកាសថា ជាអ្នកជាប់ចំណាត់ថ្នាក់ទី២។ តំណាងហ្វីលីពីនទទួលបានតំណែងលេខរៀងទី១ ខណៈនាង Rachel Gupta របស់ឥណ្ឌាទទួលបានជ័យលាភី បន្ទាប់ពីការប្រកាសនេះ នាង Thae និងក្រុមការងារបានចាកចេញពី ព្រឹត្តិការណ៍ទាំងទឹកភ្នែក ហើយមិនបានចូលរួម ក្នុងសកម្មភាពកំពូលទាំងប្រាំនោះទេ។
ដូចដែលបានរាយការណ៍ដោយ ABS-CBN News ថា នាង Thae បានសម្តែងការខកចិត្តរបស់នាងនៅថ្ងៃ បន្ទាប់តាមរយៈវគ្គ Instagram Live ដោយលើកឡើងពីការខកចិត្តរបស់នាងមិនបាន ទទួលរង្វាន់ពិសេសសម្រាប់សម្លៀកបំពាក់ជាតិល្អបំផុត និងថាមពលរបស់ប្រទេសប្រចាំឆ្នាំ។
ពានរង្វាន់សម្លៀកបំពាក់ជាតិត្រូវបានផ្តល់ ទៅឲ្យបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈពានរង្វាន់ Country’s Power of the Year ត្រូវបានប្រគល់ជូនដល់ថៃ។ នៅថ្ងៃទី ២៨ ខែតុលា អង្គការ MGI បានប្រកាសថា តំណែងជើងឯករងទីពីររបស់ Thae ត្រូវបានដកហូតវិញ ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់នាង ៕