បរទេស ៖ ទាហានចំនួន ២.៥០០ នាក់ផ្សេងទៀត បានទៅដល់ភាគខាងកើត ដែលរងគ្រោះដោយទឹកជំនន់ នៃប្រទេសអេស្បាញកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ទីតាំងសាកសព និងបោសសម្អាតកំទេចកំទី ខណៈដែលមន្ត្រីរដ្ឋាភិបាល ត្រូវបានស្តីបន្ទោសអំពីរបៀប ដែលទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ត្រូវបានដោះស្រាយ និងក្នុងពេលដែលកញ្ចប់ជំនួយដំបូង កំពុងត្រូវបានត្រៀមរួចរាល់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កំហឹងសាធារណៈជន កំពុងកើនឡើង ចំពោះគ្រោះមហន្តរាយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៧ នាក់ ហើយមនុស្ស រាប់សិបនាក់ផ្សេងទៀត នៅតែមិនទាន់រាប់បញ្ចូល។ ស្ទើរតែទាំងអស់ នៃការស្លាប់បានកើតឡើងនៅក្នុងតំបន់ Valencia និងច្រើនជាង ៦០នាក់ នៅជាយក្រុង Paiporta ។
រដ្ឋមន្ត្រីការពារជាតិ Margarita Robles បានប្រាប់វិទ្យុរដ្ឋ RNE ថា កងទ័ពបានបញ្ជូន ទាហានប្រហែល ៥.០០០ នាក់ កាលពីចុងសប្តាហ៍ ដើម្បីជួយចែកចាយអាហារ និងទឹក សម្អាតផ្លូវ និងការពារករណីចោរកម្ម ហើយទាហាន ២.៥០០ នាក់ទៀតនឹងចូលរួមជាមួយពួកគេ។
នាវាចម្បាំងដែលមានទាហានថ្មើរជើងសមុទ្រចំនួន ១០៤នាក់ ក៏ដូចជារថយន្តដឹកទំនិញដែលមានអាហារ និងទឹកបានមកដល់កំពង់ផែ Valencia បើទោះបីជាមានព្យុះព្រឹលខ្លាំងបានបោកបក់លើទីក្រុង Barcelona ប្រហែល ៣០០គីឡូម៉ែត្រ (186 ម៉ាយ) ទៅភាគខាងជើង ក៏ដោយ។
កាលពីល្ងាចថ្ងៃចន្ទ រដ្ឋមន្ត្រីអេស្ប៉ាញ លោក Felix Bolanos មកពីគណបក្ស សង្គមនិយមបាននិយាយថា គណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ នឹងប្រកាសភូមិមួយចំនួន ដែលរងគ្រោះខ្លាំងបំផុត ដោយទឹកជំនន់នៅក្នុងតំបន់ Valencia, Andalusia, Castile La Mancha និង Catalonia ជា “តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ដូច្នេះពួកគេអាចជា មានសិទ្ធិទទួលបានមូលនិធិសង្គ្រោះបន្ទាន់។
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅប្រទេសអេស្ប៉ាញនេះដែរ អ្នកស្រុកដែលមានកំហឹង បាននាំគ្នាស្រែក និងគប់ស៊ុតដាក់ស្តេច Felipe និងម្ចាស់ក្សត្រី Letizia របស់ប្រទេសអេស្ប៉ាញ នៅពេលដែលពួកគេបានទៅទស្សនកិច្ច ឬ ទតតំបន់ Valencia ជាកន្លែងដែលមនុស្សជាង ២០០ នាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ៕
ប្រែសម្រួលៈ ណៃ តុលា