គែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការអត់ធ្មត់ ដើម្បីការពារសង្រ្គាមក្នុងតំបន់ដែលអាចកើតមាននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Seyyed Abbas Araghchi។
លោក Abdelatty បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងការវិវត្តន៍នៅក្នុងប្រទេសលីបង់ និងតំបន់ហ្គាហ្សា ជាមួយលោក Araghchi ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេ កាលពីល្ងាចថ្ងៃអាទិត្យ។
អ្នកការទូតកំពូលអេហ្ស៊ីប បានជំរុញឱ្យភាគីទាំងអស់ ចាត់វិធានការទប់ស្កាត់ការកើនឡើង និងសម្រេចបាននូវភាពស្ងប់ស្ងាត់ ដោយថ្កោលទោសវិធានការបង្កហេតុ និងឯកតោភាគី ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
សម្រាប់ផ្នែករបស់លោកវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានពន្យល់លម្អិតអំពីជំហររបស់ទីក្រុងតេអេរ៉ង់ លើការអភិវឌ្ឍន៍ក្នុងតំបន់ និង “ឧក្រិដ្ឋកម្ម និងការធ្វើសកម្មភាពផ្សងព្រេង” របស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ រក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការឈ្លានពានណាមួយប្រឆាំងនឹងសន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា