ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីម្នាក់ និងមនុស្ស ៥ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ ពីបទរក្សាទុកគ្រឿងញៀនក្នុងប្រទេសថៃ បន្ទាប់ពីមានការប៉ុនប៉ងរត់ពន្ធថ្នាំញៀន មេតំហ្វេតាមីនជាង ៦០០០ គ្រាប់ចូលក្នុងប្រទេស។
នេះបើយោងតាមរបាយការណ៍របស់កាសែត The Straits Times បានប្រាប់ឲ្យដឹងថា នាង Wan Norsahidah Azlin Wan Ismail អាយុ ២៨ ឆ្នាំ រួមជាមួយនឹងជនជាតិម៉ាឡេស៊ី ៥ នាក់បានបង្ហាញខ្លួនក្នុងតុលាការថៃកាលពីថ្ងៃចន្ទ ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែវិច្ឆិកា អំឡុងពេលប៉ូលិស ឆ្មក់ចូលបន្ទប់សណ្ឋាគាររបស់ពួកគេ ដែលមន្ត្រីបានរកឃើញថ្នាំគ្រាប់ថ្នាំ មេតំហ្វេតាមីនប្រមាណ ៦,០៦០ គ្រាប់ក្នុងបន្ទប់មួយ ។
នាង Wan ដែលបានថតសំឡេងក្រោមឈ្មោះ Eda Ezrin បានទទួលភាពល្បីល្បាញជាមួយនឹងបទចម្រៀង “Cinta Setandan Pisang” ចេញផ្សាយកាលពីឆ្នាំមុន។ អ្នកគាំទ្ររបស់នាងជាច្រើនបានចូលប្រទេសថៃ ដើម្បីផ្តល់ការគាំទ្រខាងសីលធម៌ដល់នាង ដោយជំរុញឲ្យអាជ្ញាធរក្នុងតំបន់ ដាក់ពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខ។
ករណីនេះបានទទួលការចាប់អារម្មណ៍ យ៉ាងទូលំទូលាយក្នុងប្រទេសម៉ាឡេស៊ី ដោយប៉ូលិសម៉ាឡេស៊ីបានបញ្ជូនមន្ត្រី ទៅសង្កេតការសួរចម្លើយរបស់តារាចម្រៀងរូបនេះ។ ប្រភពពីសមត្ថកិច្ចបានបង្ហើបថា សមត្ថកិច្ចបានតាមចាប់ជនសង្ស័យ គ្រឿងញៀនមួយរយៈមកហើយ ប៉ុន្តែមិនអាចចាប់ខ្លួនបានមុននេះ ដោយសារតែខ្វះភស្តុតាង។
សារព័ត៌មាន Thai Enquirer រាយការណ៍ថា ទោះបីជារកឃើញថ្នាំញៀនក៏ដោយ ក៏មិនមានជនសង្ស័យណាម្នាក់ សារភាពថាជាម្ចាស់ថ្នាំញៀននោះទេ ។ យ៉ាងណាក៏ដោយ ប្រភពពីប៉ូលិសបានបញ្ជាក់ថា ការធ្វើតេស្តទឹកនោមដែលធ្វើឡើង លើជនសង្ស័យទាំង៦នាក់ ឃើញថា មានផ្ទុកសារធាតុញៀន៕