ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងស្តីពី ការអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បន្ទាប់ពីស្ថានភាពទឹកលិច បានស្រកចុះផុតពីតួផ្លូវជាស្ថាពរ។
យោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងផ្សារប៉ាង្គសី ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវជាស្ថាពរ។
អាស្រ័យហេតនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ៕