ប៉ារីស៖ ប្រធានធនាគារកណ្តាលបារាំងបានឲ្យដឹងនៅក្នុងសន្និសីទមួយនៅទីក្រុងលីយ៉ុង ប្រទេសបារាំងថា ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក “បង្កើនហានិភ័យ សម្រាប់សេដ្ឋកិច្ចពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធនាគារកណ្ដាលបារាំង (BDF) លោក Francois Villeroy de Galhau បានប្រាប់កាសែតបារាំង Le Figaro ឲ្យដឹងថារដ្ឋបាល ត្រាំ ប្រហែលជានឹងនាំទៅរកការការពារនិយមកាន់តែច្រើន អតិផរណាកាន់តែច្រើន និងកំណើនតិចជាងនៅគ្រប់ទីកន្លែងក្នុងពិភពលោក។
លោកបានលើកឡើងថា ឱនភាពថវិការបស់សហរដ្ឋអាមេរិក ទំនងជាខ្ពស់ជាងនៅក្រោមរដ្ឋបាលថ្មីរបស់លោក ត្រាំ ដែលអាចបង្កើនភាពមិនច្បាស់លាស់ និងផលប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចពិភពលោក។ លោកបានបន្ថែមថា ការបោះឆ្នោតអាមេរិកគួរតែជា “ការដាស់តឿន សម្រាប់ប្រជាជនអឺរ៉ុប បន្ទាប់ពីស្ពឹកស្រពន់ជាយូរមកហើយ ដោយសារអឺរ៉ុបកំពុងខិតជិតស្ថានភាពថ្មីនេះ ជាមួយនឹងភាពទន់ខ្សោយជាក់ស្តែង” ។
លោក ដូណាល់ ត្រាំ បានប្រកាសជ័យជំនះនៅព្រឹកថ្ងៃពុធ ហើយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង គឺជាមេដឹកនាំដំបូងគេដែលអបអរសាទរលោក ដោយបានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ត្រៀមខ្លួន ដើម្បីធ្វើការជាមួយគ្នាដូចដែលយើងបានធ្វើអស់រយៈពេល ៤ឆ្នាំមកហើយ ជាមួយនឹងការជឿជាក់របស់អ្នក និងរបស់ខ្ញុំ។ ដោយការគោរព និងមហិច្ឆតាដើម្បីសន្តិភាព និងវិបុលភាពបន្ថែមទៀត”៕
ប្រែសម្រួល ឈូក បូរ៉ា