សេអ៊ូល ៖ យោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទូកនេសាទ១គ្រឿង បានក្រឡាប់លិចនៅកោះ Jeju ស្ថិតនៅភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង ដោយបានបណ្តាលឲ្យនាវិក ចំនួន១៣នាក់បាត់ខ្លួន។
ទូកនេះមានទម្ងន់១២៩តោន ដែលមានសមាជិកនាវិកសរុប ២៧នាក់ត្រូវបានគេជឿថា អ្នកដែលនៅលើនោះ បានក្រឡាប់នៅក្នុងទឹកប្រហែល ២៤គីឡូម៉ែត្រពីកោះ Biyang នៃដែនកោះ Jeju នៅវេលាម៉ោងប្រហែល ៤និង៣៣នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង៣៣នាទីម៉ោង សកលកាលពីថ្ងៃព្រហស្បតិ៍ ។
សមាជិកនាវិកសរុបចំនួន១៤នាក់ ត្រូវបានជួយសង្គ្រោះ ដោយ២នាក់ស្ថិតក្នុង ស្ថានភាពសន្លប់មិនដឹងខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះ បន្តស្វែងរកអ្នកបាត់ ខ្លួនចំនួន១៣នាក់ទៀត ។
លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាឱ្យឆ្មាំឆ្នេរសមុទ្រ និងក្រសួងពាក់ព័ន្ធជួយ សង្រ្គោះនាវិក ដែលបាត់ខ្លួន ដោយប្រមូលធនធាន ដែលមានទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា