ម៉ានីល៖ កាលពីថ្ងៃព្រហស្បតិ៍ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានឲ្យដឹងថា ខ្លួនបានអនុម័តហិរញ្ញប្បទានដែលមានទឹកប្រាក់រហូតដល់ជិត ១,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយសាងសង់ផ្លូវល្បឿនលឿនចម្ងាយ ៧,៥គីឡូម៉ែត្រដែលធន់នឹងអាកាសធាតុតាមបណ្តោយបឹងដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន ដើម្បីធ្វើការតភ្ជាប់នៅក្នុងតំបន់ ។
គម្រោងបណ្តាញផ្លូវ Laguna Lakeshore Road Network ហៅកាត់ (LLRN) មានគោលបំណងផ្តល់នូវតំណភ្ជាប់ផ្លូវដែលធន់បំផុតនៅក្នុងច្រករបៀងដឹកជញ្ជូនទីក្រុងម៉ានីលស្ដិតនៅភាគខាងត្បូង និងកាត់បន្ថយពេលវេលាធ្វើដំណើររយៈពេលខ្ពស់បំផុតរវាងទីក្រុង Taguig ក្នុងទីក្រុងម៉ានីល និងទីក្រុង Calamba ក្នុងខេត្ត Laguna ចំនួន២៥ភាគរយ ។
យោងតាមធនាគារ ADB ផ្នែកនៃផ្លូវល្បឿនលឿនថ្មីរួមមានស្ពាន និងផ្លូវឆ្លងកាត់ដែលនឹងឆ្លងកាត់ផ្លូវទឹកដែលហូរចូលទៅក្នុងបឹង Laguna ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រហែល ៣.៤៧លាននាក់ ដែលរស់នៅតាមបណ្តោយបឹង និងតំបន់ក្បែរនោះ និងការកែលម្អលទ្ធភាពទទួលបានទីផ្សារ និងសេវាសាធារណៈ ។
ជំនួយរបស់ធនាគារ ADB ដល់គម្រោង LLRN នឹងធ្វើឡើងតាមរយៈការផ្តល់ហិរញ្ញប្បទានពហុភាគី ដែលរួមមានប្រាក់កម្ចីចំនួន២ ប្រាក់កម្ចីដំបូងចំនួន ១,២ពាន់លានដុល្លារ និងប្រាក់កម្ចីទី២ ចំនួន ៥០៩.៥លានដុល្លារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា