បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីរ៉ង់បានចេញមកធ្វើការបដិសេធ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិកថា ខ្លួនប៉ុនប៉ងរៀបចំផែនការ ធ្វើឃាតប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅមុនការបោះឆ្នោតខែវិច្ឆិកា ។
រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះថា ជាការបោកបញ្ឆោតដែលរៀបចំឡើង ដោយតួអង្គគាំទ្រ អ៊ីស្រាអែល ក្នុងគោលបំណងធ្វើឱ្យភាពតានតឹង កាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ប៉ុណ្ណោះ ។
កាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌អាមេរិក បានអះអាងថា មន្ត្រីអ៊ីរ៉ង់បានស្នើសុំបុរសម្នាក់ឈ្មោះ Farhad Shakeri ឱ្យ នូវផ្តល់ផែនការ ដើម្បីសម្លាប់លោក Trump ដោយបន្ថែមថាគាត់ ក៏មានភារកិច្ចធ្វើឃាតពលរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅខាងក្នុង សហរដ្ឋអាមេរិកផងដែរ។
បុគ្គលShakeri ត្រូវបានគេពិពណ៌នាថាជាជន ជាតិអាហ្វហ្គានីស្ថានដែលរស់នៅក្នុងទីក្រុងតេហរ៉ង់ បន្ទាប់ពីត្រូវបាននិរទេសចេញ ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៨ហើយបន្ទាប់ពីកាត់ទោសជាប់ពន្ធនាគាររយៈពេលវែង ពីបទប្លន់នៅទីនោះ។
គួរឲ្យដឹងដែរថាការចោទប្រកាន់នេះ ក៏មានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក ពីរនាក់គឺ Carlisle Rivera និង Jonathan Loadholt ផងដែរដែលពួក គេត្រូវបានចោទប្រកាន់ថា បានជួយទិក្រុងតេហរ៉ង់ ក្នុងការតាមដានពលរដ្ឋ អាមេរិកដើមកំណើតអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី