តូក្យូ៖ នាយករដ្ឋមន្ត្រីលោក Shigeru Ishiba បានប្តេជ្ញាពង្រឹង សមត្ថភាពការពារ របស់ប្រទេសជប៉ុន ក្នុងការប្រឈមមុខ នឹងបរិយាកាសសន្តិសុខយ៉ាងធ្ងន់ធ្ងរ ចំពេលមានការកើនឡើងនៃសកម្មភាពយោធារបស់ប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ។
លោក Ishiba ដែលចូលកាន់តំណែងកាលពីថ្ងៃទី០១ ខែតុលា បានឲ្យដឹងថា ការរំលោភដែនអាកាសជប៉ុន នាពេលថ្មីៗនេះ ដោយចិន និងរុស្ស៊ីគឺ “មិនអាចទទួលយកបានទាំងស្រុង” ដោយបន្ថែមប្រទេសទាំងពីរ រួមជាមួយនឹងការសាកល្បងកាំជ្រួចផ្លោងម្តងហើយម្តងទៀត ដោយកូរ៉េខាងជើង បង្កបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ។
នាយករដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងនៅក្នុងសន្ទរកថាមួយនៅឯមូលដ្ឋានកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនថា ប្រទេសជប៉ុននឹង “អនុវត្តយ៉ាងពិតប្រាកដ” នូវវិធានការណ៍ ដើម្បីពង្រឹងសមត្ថភាព ការពាររបស់ខ្លួនជាមូលដ្ឋាន។
លោកបានលើកឡើងថា ប្រទេសជប៉ុន ចាំបាច់ត្រូវបង្កើនការទប់ស្កាត់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា ខណៈដែលលោក និងរដ្ឋមន្ត្រីការពារជាតិ លោក Gen Nakatani បានពិនិត្យលើ GSDF នៅមូលដ្ឋាន Asaka ជាប់ទីក្រុងតូក្យូ និងខេត្ត Saitama ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតកងកម្លាំង ស្វ័យការពារ។
គួរបញ្ជាក់ថា វាគឺជាការចូលរួមលើកដំបូងរបស់លោក Ishiba ក្នុងពិធីខួបលើកទីមួយរបស់ SDF ចាប់តាំងពីឆ្នាំ២០០៧ នៅពេលដែលលោកជារដ្ឋមន្ត្រីការពារជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា