បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានតែងតាំងពិធីកររបស់ទូរទស្សន៍ Fox News និងជាអតីតឆ្មាំជាតិគឺលោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិបន្ទាប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយ Fox News នៅថ្ងៃអង្គារថា “ខ្ញុំមានកិត្តិយសក្នុងការប្រកាសថា ខ្ញុំបានតែងតាំង Pete Hegseth ឱ្យបម្រើក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្ញុំ ជារដ្ឋមន្រ្តីការការពារជាតិ” ។
លោកថា “Pete បានចំណាយពេលពេញមួយជីវិត របស់លោកក្នុងនាមជាអ្នកចម្បាំងសម្រាប់កងទ័ព និងសម្រាប់ប្រទេស។ Pete គឺជាមនុស្សរឹងមាំ ឆ្លាត និងជាអ្នកជឿជាក់នៅអាមេរិកមុនគេ»។
Hegseth បានបម្រើការជាមន្ត្រីថ្មើរជើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងឈូងសមុទ្រ Guantanamo នេះបើយោងតាមគេហទំព័ររបស់គាត់។ គាត់បានសិក្សាផ្នែកនយោបាយ នៅសាកលវិទ្យាល័យ Princeton និងសាលា John F. Kennedy School of Government នៃសាកលវិទ្យាល័យ Harvard ។ លោក Hegseth ធ្វើជាសហពិធីករកម្មវិធី Fox & Friends Weekend ហើយបានបង្ហាញខ្លួនជាអ្នក អត្ថាធិប្បាយលើកម្មវិធី Fox News ជាច្រើន។
Hegseth បានសរសេរសៀវភៅជាច្រើនក្បាល រួមទាំង ‘The War on Warriors’ ដែលក្នុងនោះគាត់បានរិះគន់យ៉ាងខ្លាំងចំពោះ ” the woke elites ” និងគណបក្សប្រជាធិបតេយ្យចំពោះការ ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធចុះខ្សោយ៕
ប្រែសម្រួលៈ ណៃ តុលា