តបតាមការអញ្ជើញរបស់លោកស្រី Dina Boluarte ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី៣១ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ ។
នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ នៃពិភពលោកកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចសកលលោកបាននិងកំពុងប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ។ សហគមន៍អន្តរជាតិរំពឹងទុកស្តាប់គំនិតផ្តួចផ្តើមដ៏សំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការកែលម្អអភិបាលកិច្ចសកល ហើយក៏រំពឹងទុកថា ប្រទេសចិននឹងលើកឡើងនូវផែនការចិនសម្រាប់ជំរុញកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ នៃបណ្តាប្រទេសនានា និងរួមចំណែកជាតម្រិះប្រាជ្ញាចិនសម្រាប់ស្វែងរកមាគ៌ាដែលឆ្ពោះទៅរកការអភិវឌ្ឍដោយសន្តិភាព ។ ពីការលើកឡើងពីការបង្កើតមនសិការស្តីពីសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដល់ការផ្តួចផ្តើមឱ្យរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពជឿទុកចិត្តគ្នានិងប្រកបដោយបរិយាបន្ននិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពីការចង្អុលបង្ហាញពីក្ដីសុបិនអាស៊ី-ប៉ាស៊ីហ្វិកដល់ការគ្រោងផែនការគោលនៃការតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយរហូតដល់ការគាំពារភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ល។ ចាប់តាំងពីឆ្នាំ២០១៣ មក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC រាល់លើក ដោយបានលើកឡើងថា យើងគួរតែប្រកាន់ខ្ជាប់បំណងដើមនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងសំឡេងអំពាវនាវនៃយុគសម័យនិងពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ។
សូមក្រឡេកមើលទៅការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ ។ កម្រិតពន្ធគយគិតជាមធ្យមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ អត្រារួមចំណែករបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចសកលមានចំនួនដល់ទៅ ៧០ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាងបួនដង ហើយចំនួនប្រជាជន ១ពាន់លាននាក់បានបម្រះខ្លួនចេញផុតពីភាពក្រីក្រដោយជោគជ័យ ។ល។ វាបានបង្កើត”អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក”ដែលគួរឱ្យកត់សម្គាល់ ។
នៅពីក្រោយអច្ឆរិយនៃការអភិវឌ្ឍបែបនេះមានពាក្យគន្លឹះចំនួនពីរ មួយគឺ “មធ្យោបាយដ៏សំខាន់” ក្នុងនាមជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ អង្គការ APEC បានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកដែលបានជួយជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ។ មួយទៀតគឺ “បំណងដើម” ។ អង្គការ APEC បានបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មិនជាយូរប៉ុន្មាន ពេលនោះ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានក្លាយជាចរន្តយុគសម័យបន្តិចម្តងៗ ឆ្លងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចក្នុងតំបន់និងការធ្វើសមាហរណកម្ម អង្គការ APEC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជននៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយបានលើកឡើងនូវកម្មវត្ថុនិងគោលដៅមួយចំនួនស្តីពីការបង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយភាពបើកទូលាយនិងកាត់បន្ថយរបាំងនៃពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ជាដើម ។
រយៈពេល ៣០ឆ្នាំបានកន្លងផុតទៅហើយ ពិភពលោកបានកើតមានបម្រែបម្រួលយ៉ាងខ្លាំង ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានក្លាយជាខ្សែក្រវាត់កំណើនដែលមានកម្លាំងរស់រវើកបំផុតនៃសេដ្ឋកិច្ចសកលរួចហើយ ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏បានប្រឈមមុខនឹងការសាកល្បងជាច្រើន ដូចជា ភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ការអភិវឌ្ឍដោយអតុល្យភាព ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងបម្រែបម្រួលអាកាសធាតុជាដើមផងដែរ ។ ប្រទេសធំមួយចំនួនតូចបាននិងកំពុងញុះញង់ឱ្យ”ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”និងធ្វើបដិបក្ខគ្នាជាក្រុមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបានបង្កជាការរំខាននិងការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍក្នុងតំបន់ ។ ប្រសិនបើចង់សម្រេចបាននូវ”កំណើនប្រកបដោយគុណភាពខ្ពស់”នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នោះក៏ត្រូវបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺ ប្រទេសធំៗគួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួនដើម្បីដើរតួនាទីជាគំរូក្នុងការគំាពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ។
ក្នុងបរិបទដែលសន្តិភាពនិងការអភិវឌ្ឍនៅតែជួបប្រទះនឹងបញ្ហាប្រឈមដ៏តានតឹងដដែល ពិភពលោកបច្ចុប្បន្នបានឈានចូលដំណាក់កាលថ្មីនៃភាពរង្គោះរង្គើនិងបម្រែបម្រួល ដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងការសាកល្បង ។ សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ប្រទេសចិននឹងបន្តបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំដើម្បីជំរុញការអភិវឌ្ឍ និងវិបុលភាពប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងបង្កើត” ៣០ ឆ្នាំមាស”បន្ទាប់មួយទៀត។
តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្ទះរួមរបស់ប្រទេសក្នុងតំបន់ ការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដែលរួមសុខរួមទុក្ខជាមួយគ្នា និងជួយយកអាសាគ្នាទៅវិញទៅមកគឺជាសំឡេងពិតប្រាកដរបស់មនុស្សគ្រប់រូប ហើយក៏ជាទំនួលខុសត្រូវរួមរបស់មនុស្សទាំងអស់ផងដែរ ។ ប្រទេសចិនមិនត្រឹមតែជាអ្នកផ្តួចផ្តើមនៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ហើយក៏ជាអ្នកអនុវត្តនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីឈានចូល”សម័យផ្លូវដែកល្បឿនលឿន” ផ្លូវដែកចិន-ឡាវបានជួយប្រទេសឡាវឱ្យសម្រេចបាននូវក្តីសុបិនរបស់ខ្លួនដែលប្រែក្លាយពី “រដ្ឋដីគោកដែលបិទទ្វារ” ទៅជា ” រដ្ឋដីគោកដែលតភ្ជាប់ជាមួយក្រៅប្រទេស” គម្រោងប្រព័ន្ធ PV លើទឹកបានជួយប្រទេសថៃឱ្យឈានចូលសង្គមបែបកាបូនទាប កំពង់ផែ Chancay របស់ប្រទេសប៉េរូដែលជិតនឹងសាងសង់រួចនឹងក្លាយជាកំពង់ផែមជ្ឈមណ្ឌលថ្មនៅតំបន់អាមេរិកឡាទីននិងជា “កំពងផែដែលជាច្រកទ្វារនៃមហាសមុទ្រប៉ាស៊ីហ្វីក ។ល។ ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ជាទូទៅ និងការចែករំលែកជាមួយគ្នានិងពួតដៃគ្នាជាមួយដៃគូអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ។
តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានចំនួនប្រជាជន ១ ភាគ ៣ នៃពិភពលោកទាំងមូល មានទំហំសេដ្ឋកិច្ចសរុបលើសពី ៦០ ភាគរយនៃពិភពលោកនិងទំហំសរុបខាងពាណិជ្ជកម្មជិតពាក់កណ្តាលនៃទូទាំងពិភពលោក វាគឺជាតំបន់ដែលមានកម្លាំងរស់រវើកបំផុតខាងសេដ្ឋកិច្ចលើទូទាំងពិភពលោក ហើយក៏ជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលផងដែរ ។ កាលពីខែកក្កដា ឆ្នាំនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញផ្សាយរបាយការណ៍បំពេញបន្ថែមស្តីពី «ចក្ខុវិស័យនៃការអភិវឌ្ឍអាស៊ីឆ្នាំ ២០២៤ » ដោយបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចនៃអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកពី ៤,៩ ភាគរយឱ្យឡើងដល់ ៥ភាគរយ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការអនុវត្តដោយមានគុណភាពខ្ពស់នូវ «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងធ្វើការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់3.0 ដល់ការជំរុញយ៉ាងសកម្មនូវការចូលរួម «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»(CPTPP)និង «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ប្រទេសចិនបាន និងកំពុងប្រកាន់ខ្ជាប់នូវការកសាងតំបន់ដែលមានភាពបើកទូលាយ ដើម្បីជំរុញការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ។
ដើរតាមផ្លូវពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ បំណងដើមរបស់ប្រទេសចិនស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកមិនកែប្រែទេ វាមិនត្រឹមតែបានតម្រង់ទិសដៅប៉ុណ្ណោះទេ ថែមទាំងក៏បានចាត់ប្រតិបតិ្តការជាក់ស្តែងផងដែរ ។ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រដល់ពេលបច្ចុប្បន្ននេះរហូតដល់ពេលអនាគត ប្រទេសចិននឹងបន្តបញ្ជាក់តាមរយៈការអនុវត្តជាក់ស្តែងថា៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណាក៏ដោយ ក៏ចិននឹងបន្តចាក់ឫសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកតទៅទៀត ៕