ព័ត៌មានអន្តរជាតិ

Update: រូបិយប័ណ្ណឌីជីថល Bitcoin បន្តកើនរហូតដល់តម្លៃ ៩៣.៤០០ដុល្លារ ក្នុងមួយកាក់

Xinhua

បរទេស៖ តម្លៃ Bitcoin លោតឡើងដោយឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់ ក្លាយជាទ្រព្យសម្បត្តិធំបំផុតទីប្រាំពីរ នៅទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីរយៈពេលពីរថ្ងៃនៃការប្រែប្រួល ជាពេលដែលឈានដល់តម្លៃ ៨៥.០០០ ដុល្លារក្នុងមួយឯកតា , Bitcoin (BTC) បានចាប់ផ្តើមនិន្នាការកើនឡើងថ្មីនៅយប់នេះ។ បន្ទាប់ពីម៉ោង ៨ យប់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ ពិភពលោកបានកើនឡើងប្រហែល ២.០០០ ដុល្លារ ថែមទៀត ដល់ជិត ៩០.០០០ ដុល្លារក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

ទីផ្សារបានរង្គោះរង្គើភ្លាមៗ ប៉ុន្តែបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដើម្បីយកឈ្នះលើកម្រិត សំខាន់ៗខាងលើនៅម៉ោង ៩:៣០នាទី យប់។ ប្រហែល ១០ នាទីក្រោយមក តម្លៃបានឡើងដល់ ៩១.០០០ដុល្លារ និង ៩២.០០០ដុល្លារ ត្រូវបានបង្កើតឡើងនៅម៉ោង ១០:៣០នាទី យប់។

បន្ទាប់ពីការរង្គោះរង្គើបន្តិចបន្តួច ដែលមានរយៈពេលពីរបីនាទី Bitcoin បានបន្តកើនឡើងជាបន្តបន្ទាប់។ នៅម៉ោងប្រហែល ១១:១៥នាទី យប់ តម្លៃទីផ្សារបានកត់ត្រាលើសពី ៩៣.៣០០ ដុល្លារ ដែលជាការកើនឡើងជិត ៩ភាគរយ ក្នុងរយៈពេល ២៤ ម៉ោង។ ក្នុងសប្តាហ៍មុន រូបិយប័ណ្ណគ្រីបតូនេះកើនជិត ២៤.០០០ ដុល្លារ ដែលស្មើនឹងប្រហែល ៣៥ភាគរយ ។

មូលធននីយកម្មទីផ្សាររបស់ BTC បច្ចុប្បន្នគឺប្រហែល ១.៨៤៥  ពាន់លានដុល្លារ។ នេះជួយឱ្យវាវ៉ាដាច់ក្រុមហ៊ុនប្រេងយក្ស Saudi Aramco ដើម្បីក្លាយជាទ្រព្យសម្បត្តិធំជាងគេទី ៧ របស់ពិភពលោក។ បច្ចុប្បន្ននេះ ទ្រព្យសម្បតិ្តនៃរូបិយប័ណ្ណគ្រីបតូនេះ គឺតាមពីក្រោយក្រុមហ៊ុនមាស និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេដូចជា NVIDIA, Apple, Microsoft, Amazon និង Alphabet ប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top