ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន កំពុងរៀបចំផែនការ ពិគ្រោះយោបល់ របស់អារ៉ាប់ លើយុទ្ធសាស្ត្រ សម្រាប់ការដោះស្រាយ ជាមួយអាមេរិក

Xinhua

រ៉ាម៉ាឡា ៖ មន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីន កំពុងរៀបចំដើម្បីធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីបង្កើតយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយ ជាមួយរដ្ឋបាល របស់សហរដ្ឋអាមេរិកបច្ចុប្បន្ន និងនាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។

លោក Hussein al-Sheikh អគ្គលេខាធិការ នៃគណៈកម្មាធិការប្រតិបត្តិ នៃអង្គការរំដោះប៉ាឡេស្ទីនបានឲ្យដឹងថា “យើងគ្រោងនឹងធ្វើការពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប ហ្ស៊កដានី និងប្រទេសអារ៉ាប់ផ្សេងទៀត ដើម្បីបង្កើតចក្ខុវិស័យ និងវិធីសាស្រ្ត សម្រាប់ដំណាក់កាលពីរ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ទៅកាន់ទូរទស្សន៍ប៉ាឡេស្ទីន។

ក្នុងដំណាក់កាលទី១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងស្បថចូលកាន់តំណែង រដ្ឋបាលរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន “ត្រូវបានគេរំពឹងថា នឹងជំរុញយ៉ាងខ្លាំង ដើម្បីបញ្ចប់សង្គ្រាមនៅប៉ាឡេស្ទីន និងលីបង់ និងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន” ជារដ្ឋឯករាជ្យ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះដំណាក់កាលទីពីរ នៅពេលដែលគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិកឡើងកាន់អំណាច លោក Al-Sheikh បានកត់សម្គាល់ថា “ជាមួយបងប្អូនជនជាតិអារ៉ាប់របស់យើង យើងព្យាយាមបង្កើត វិធីសាស្រ្តនយោបាយដ៏ទូលំទូលាយមួយ ទាក់ទងនឹងតំបន់ហ្គាហ្សា និងអនាគតនៃបុព្វហេតុប៉ាឡេស្ទីន”។

លោកបានលើកឡើងថា “យើងកំពុងធ្វើការលើការបង្កើតជំហររួមគ្នាមួយ ដើម្បីបង្ហាញជាគំនិតផ្តួចផ្តើមរបស់អារ៉ាប់ដល់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិជាទូទៅ” ដោយសង្ឃឹមថា វាអាចសម្រេចបានក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top