បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អត្ថបទសង្ខេបមួយដែលត្រូវបានរៀបចំ សម្រាប់ក្រសួងការពារជាតិបានណែនាំថា អ៊ុយក្រែនអាចវាយឆ្មក់ងាក ទៅដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីបង្កើតអាវុធបរមាណូ ប្រសិនបើសហរដ្ឋអាមេរិកពិតជា សម្រេចចិត្តថានឹងកាត់ផ្តាច់ជំនួយផ្នែកយោធា។
កាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកនិពន្ធរបស់ខ្លួននៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រជឿថា ការបង្កើតគ្រាប់បែកបរមាណូធម្មតា ដូចដែលសហរដ្ឋអាមេរិក បានធ្វើនៅក្នុងក្របខ័ណ្ឌនៃគម្រោង Manhattan នឹងមិនក្លាយជាកិច្ចការដ៏លំបាកមួយ ៨០ឆ្នាំក្រោយនោះទេ។
ប្រភពដដែលបានអះអាងថា ខណៈដែលអ៊ុយក្រែនមិនអាច ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាដំណើរការដ៏សំខាន់ សម្រាប់ការបង្កើតអាវុធនុយក្លេអ៊ែរទំនើបនោះ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរប្រតិបត្តិការទាំង ៩ របស់ខ្លួនមានផ្ទុកសារធាតុភ្លុយតូនីញ៉ូមប្រមាណ ៧ តោនរួចទៅហើយ។
ក្នុងនោះដែរគេបានសរសេរទៀតថា វាអាចត្រូវបានប្រើដើម្បីបង្កើតគ្រាប់បែក ស្រដៀងទៅនឹងនុយក្លេអ៊ែរប្រភេទ ‘Fat Man’ ដែលបានទម្លាក់នៅ Nagasaki ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤៥ ៕
ប្រែសម្រួល៖ ស៊ុន លី